(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងបានសហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌនានា ធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើស និងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ យកមកបង្ហាញមុខរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបន្តថា ប្រតិបត្តិការស្រាវជ្រាវបង្រ្កាបរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលបង្កបសរុប ១៧ករណី ឃាត់ខ្លួន២៧នាក់ សារធាតុញៀន១០នាក់, ជនជាតិចិន០២នាក់ និងស្រី០១នាក់។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់ថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលរាជធានី ធើ្វការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង រហ័សនាមឈ្មោះ ក្រុមស្បែកជើងហោះ SIH និងឈ្មោះក្រុមធីអ៊ិនអេស TNS ចំនួន០៧នាក់, ករណីលួច (បើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន ១ដើម), ឃាត់ខ្លួន ២នាក់(ជនជាតិចិន), ករណីហិង្សា និងដឹកជញ្ជូនមនុស្សដោយមានគោលដៅ ឃាត់ខ្លួន ៨នាក់, ខណ្ឌពោធិសែនជ័យ ឃាត់ខ្លួន ០២នាក់ ករណីលួចម៉ូតូ ស្រី០១នាក់ (មានសារធាតុញៀន២នាក់), ខណ្ឌបឹងកេងកង ឃាត់ខ្លួនបានចំនួន១នាក់, ខណ្ឌ៧មករា ឃាត់ខ្លួន១នាក់, ខណ្ឌសែនសុខ ឃាត់ខ្លួនបានចំនួន១នាក់, ខណ្ឌទួលគោកឃាត់ខ្លួន១នាក់, ខណ្ឌច្បារអំពៅ ឃាត់ខ្លួន២នាក់, ខណ្ឌដង្កោ ឃាត់ខ្លួន ១នាក់, ខណ្ឌព្រែកព្នៅ ឃាត់ខ្លួន១នាក់, ខណ្ឌមានជ័យ ឃាត់ខ្លួន ១នាក់។
ក្រោយបង្ហាញមុខក្រុមជនសង្ស័យ រួមទាំងវត្ថុតាងរួចមក ជនសង្ស័យទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធីផ្លូវច្បាប់ផងដែរ៕