(សាធារណរដ្ឋកូរ៉េ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ ដោយមានកិច្ចសហការជាមួយមន្ទីរពេទ្យ Soon Chun Hyang (SCH) និងមជ្ឈមណ្ឌលទ្រទ្រង់ជនបរទេសក្រុងគីមហេរ បានរៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃជូនពលករ និងប្រជាពលរដ្ឋខែ្មរនៅកូរ៉េ នៅមណ្ឌលសុខភាពគីមហេរ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតនៃកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ, លោក HONG TAE YONG អភិបាលក្រុងគីមហេរ, លោក PARK BYOUNGWON ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យ SCH និងអ្នកស្រី KANG SUN HEE អនុប្រធានមជ្ឈមណ្ឌលទ្រទ្រង់ជនបរទេសក្រុងគីមហេរ មន្ត្រីស្ថានទូត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រុមយុវជនស្ម័គ្រចិត្ត និងអ្នកចូលរួមប្រមាណជាង១៥០នាក់។

ថ្លែងក្នុងកម្មវិធី លោកស្រីឯកអគ្គរាជទូត បានសម្តែងការអរគុណចំពោះអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្រស្ម័គ្រចិត្តរបស់មន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធ ដែលបានប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះយុទ្ធនាការ ជំរុញការថែទាំសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់ពលករបរទេសឲ្យកាន់តែកៀកប្រជាពលរដ្ឋ។

ស្របជាមួយគ្នានេះ លោកស្រីឯកអគ្គរាជទូត បានអំពាវនាវដល់អាជ្ញាធរ និងមន្ទីរពេទ្យផ្សេងៗទៀត ចូលរួមយកចិត្តទុកដាក់គាំពារសុខុមាលភាពជូនប្រជាជន ជាពិសេសយកចិត្តទុកដាក់ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េនេះ ដែលពួកគាត់គឺជាកម្លាំងពលកម្មដ៏សំខាន់មួយ ក្នុងការចូលរួមជំរុញសង្វាក់ផលិតកម្ម និងបង្កើនសេដ្ឋកិច្ចសាធារណរដ្ឋកូរ៉េ ឲ្យកាន់តែរីកចម្រើន។

លោកស្រី ជ្រឹង បុទុមរង្សី បាននាំសេចក្តីនឹករលឹកពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ ព្រមទាំងបានចែករំលែកពីការផ្តល់សេវាសាធារណៈរបស់ស្ថានឯកអគ្គរាជទូតផងដែរ។ ជាចុងក្រោយ លោកស្រី លើកទឹកចិត្តដល់ពលរដ្ឋខ្មែរ ចូលរួមថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តទាំងអស់គ្នា ដោយត្រូវពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាប្រចាំផងដែរ។

ដោយឡែក លោកអភិបាលក្រុងគីមហេរ និងលោកប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មន្ទីរពេទ្យ SCH បានសម្តែងនូវសេចក្តីរីករាយ និងប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយស្ថានទូត ដើម្បីជំរុញសកម្មភាពនេះតទៅមុខទៀត។

នៅក្នុងកម្មវិធីនេះ ក្រុមការងារគ្រូពេទ្យ Soon Chun Hyang និងក្រុម HWPL បានធ្វើការពិនិត្យសុខភាពដូចជា ១៖ ពិនិត្យបេះដូង, ២៖ ធ្វើតេស្តឈាម, ៣៖ ពិនិត្យភ្នែក ត្រចៀក ច្រមុះ មាត់ បំពង់ក, ៤៖ ពិនិត្យរោគស្ត្រី និងស្ត្រីមានផ្ទៃពោះ, ៥៖ ពិគ្រោះយោបល់ខាងផ្នែកចិត្តសាស្រ្ត ព្រមទាំងបានផ្តល់ជូនថ្នាំ និងសម្ភារៈមួយចំនួនដែលទទួលបានពីសប្បុរសជននានា ជូនដល់អ្នកចូលរួមពិនិត្យប្រមាណ១០០នាក់។

សូមបញ្ជាក់ថា កម្មវិធីនេះ ជាកម្មវិធីដែលស្ថានឯកអគ្គរាជទូតបានរៀបចំជារៀងរាល់ឆ្នាំ ដោយបានសហការជាមួយក្រុមការងារគ្រូពេទ្យ Soon Chun Hyang ដើម្បីចុះត្រួតពិនិត្យសុខភាពជូនប្រជាពលរដ្ឋខ្មែរនៅតាមតំបន់នានានៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងជំរុញការពិនិត្យសុខភាពឲ្យកាន់តែខិតជិតនឹងប្រជាពលរដ្ឋ។ ក្នុងឆ្នាំនេះដែរ ស្ថានឯកអគ្គរាជទូត គ្រោងនឹងរៀបចំ២កន្លែងផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ៕