(ក្រចេះ)៖ នៅក្នុងបំពេញបេសកកកម្មរយៈពេល២ថ្ងៃ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីខេត្តក្រចេះ នៃភូមិភាគឦសាន កម្ពុជា នៅលើតម្រាយផ្លូវទាំងទៅ និងត្រឡប់មកវិញ ជាង៧០០គីឡូម៉ែត្រ ដោយឆ្លងកាត់ផ្លូវលំនារដូវវស្សា របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បាននាំមកនូវស្នាមញញឹម និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងកុមារតូចៗដែលជាកូនចៅរបស់បងប្អូនជនជាតិដើមភាគតិច ដែលកំពុងរស់នៅក្នុងតំបន់ដាច់ស្រយាលរបស់កម្ពុជា។

ដំណើរទស្សនៈកិច្ចរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានធ្វើឡើងនៅថ្ងៃចុងសប្តាហ៍ ពោលបនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៤ និងទី២៥ គឺជាថ្ងៃដែលមន្ត្រីីរាជការឈប់សម្រាកពីការងារ។ ដូច្នេះ តាមរយៈការយកចិត្តទុកដាក់ពីសុខទុក្ខរបស់មន្ត្រីរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកៀងគរស្វែងរកមូលជំនួយផ្សេងៗមកផ្តល់ជូនប្រជាពលរដ្ឋ។

ជាក់ស្តែងគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង នៃកិច្ចសហប្រតិបត្តិការទន្លេមេគ្គ-គង្គា ជូនប្រជាពលរដ្ឋនៅភូមិព្រែកក្តី ឃុំស្នូល ស្រុកស្នូល ខេត្តក្រចេះ ត្រូវបានបំពាក់ប្រព័ន្ធ អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យតាមផ្ទះប្រជាពលរដ្ឋ ចំនួន ៦០ខ្នងផ្ទះ នៅទូទាំង ៩ភូមិ ដែលបាននឹងកំពុងដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗ។ ជាមួយគ្នានោះដែរ ក៏មានការដំឡើងបង្គោលបំភ្លឺផ្លូវសាធារណៈដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន ៣៥បង្គោល ដែលបាននិងកំពុងដាក់ឱ្យប្រើប្រាស់នៅកន្លែងមានតម្រូវការចាំបាច់ៗក្នុងឃុំ។

ការអនុវត្តគម្រោងនេះត្រូវបានបែងចែកជា ២ដំណាក់កាលដោយដំណាក់កាលទី១ បាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវការបំពាក់ប្រព័ន្ធអគ្គិសនីតាមខ្នងផ្ទះដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ២៥ខ្នងផ្ទះ និងដំឡើងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ១៨បង្គោល ដែលនឹងផ្តល់ក្តីសង្ឃឹមបន្ថែមដល់សិស្សានុសិស្ស ដើម្បីមានថាមពលអគ្គិសនីគ្រប់គ្រាន់ពន្លឺមើលមេរៀននៅពេលរាត្រីផងដែរ។

ជាមួយគ្នានេះដែរ កុមារតូចៗដែលជាកូនចៅរបស់បងប្អូនជនជាតិភាគតិច «មិល) កំពុងសិក្សានៅថ្នាក់ទី៥ និងទី៦ នៅសាលាបឋមសិក្សា ប៉ាក្លែ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក៏បានទទួលបានការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ តាមរយៈគម្រោងផលផ្តល់រហ័សសម្រាប់ការគាំពារសហគមន៍សាលារៀនដែលត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នៃក្របខ័ណ្ឌគោលនយោបាយភាគខាងកើតរបស់ប្រទេសឥណ្ឌា បាននាំយកចែកកង់ ចំនួន ៧០កង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់កុមារតូចៗ ដែលជាផ្នែកមួយនៃក្តីសង្ឃឹមដល់កូនចៅបងប្អូនជាតិដើមភាគតិចអាចបន្តការសិក្សា ដើម្បីឈានឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង នាពេលអនាគត។

អំណោយទាំងនេះនឹងរួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សពីកម្រិតបឋមសិក្សាទៅអនុវិទ្យាល័យ ដោយសារកង្វះមធ្យោបាយធ្វើដំណើរទៅសាលា និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារសិស្សខ្វះខាតឱ្យកាន់តែប្រសើរឡើង កាត់បន្ថយថ្លៃចំណាយ និងពេលវេលារបស់ពួកគាត់ក្នុងការធ្វើដំណើរពីផ្ទះទៅសាលា។ ជាពិសេសគម្រោងនេះនឹងបង្កើនការទទួលខុសត្រូវ និងឯករាជ្យភាពរបស់សិស្សឱ្យកាន់តែក្លាហានក្នុងការធ្វើដំណើរទៅសាលាដោយខ្លួនឯង។

គម្រោងនេះនឹងចែកកង់ មួក និងដបទឹកបរិស្ថាន ដល់សិស្សនៅសាលាបឋមសិក្សា ចំនួន៣ ក្នុងស្រុកអូរគ្រៀងសែនជ័យ ចំនួន២០០កង់ មួក ដប ដោយលើកទី១ នៅថ្ងៃទី២៥នេះ ចំនួន ៧០កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាប៉ាភ្លែ។ លើកទី២៖ គ្រោងនឹងចែក ៩៧កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាស្រែស្បូវ និងលើកទី៣៖ គ្រោងនឹងចែក ៣៣កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមឋសិក្សាអំពកកង់។ ក្រៅពីការចែកកង់មួកសុវត្ថិភាព និងដបទឹកបរិស្ថាន គម្រោងនេះនឹងមានរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវថ្នល់ ដល់សិស្សានុសិស្សដែលទទួលបានកង់ ដើម្បីជៀសវាងគ្រោះ ថ្នាក់ជាយថាហេតុណាមួយកើតឡើង ដល់អ្នកទទួលផលពីគម្រោងផងដែរ៕