(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃគ.ជ.ប បានដឹកនាំមន្ត្រី គ.ជ.ប ចុះទៅពិនិត្យការិយាល័យចល័ត ការចុះឈ្មោះឆ្នោតជូនដល់ប្រជាពលរដ្ឋលើការធ្វើបច្ចុប្បន្នភាពរូបថត និងខ្ចៅដៃ នៅតាមភូមិបណ្តែតទឹក ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ខណៈខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ ត្រូវបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៥:៣០នាទីល្ងានេះ។
ការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៥ គឺអនុញ្ញាតឱ្យអ្នកមានឈ្មោះក្នុងបញ្ជីសុំផ្លាស់ប្តូរទីលំនៅ ឬសុំកែតម្រូវទិន្នន័យក្នុងករណីមានកំហុសឆ្គង ធ្វើបច្ចុប្បន្នលើរូបថតនិងស្នាមខ្ចៅដៃក្នុងករណីបានចុះឈ្មោះឆ្នាំ២០១៦ និងចុះឈ្មោះថ្មីចំពោះអ្នកមិនទាន់បានចុះឈ្មោះមកពីមុន និងអ្នកទើបនឹងគ្រប់អាយុ១៨ឆ្នាំ។ ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាពទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត។
ដោយឡែក ចំពោះអ្នកដែលត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថតនិងខ្ចៅដៃថ្មី គឺត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ដែលបានប្រើពេលចុះឈ្មោះបោះឆ្នោតពីមុន ដោយមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ និងបង្ហាញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត ប្រសិនបើមាន៕