(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការបន្ថែមប្រភេទការងារ សម្រាប់ការបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន។
ក្រសួងបានបញ្ជាក់ថា រដ្ឋាភិបាលនៃ ប្រទេសសិង្ហបុរី បានសម្រេចបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារការងារមិនមែនប្រពៃណី (Non-Traditional Sources-NTS) សម្រាប់ការបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យនិយោជក ក្នុងប្រទេសសិង្ហបុរី ទទួលយកពលករខ្មែរទៅធ្វើការ ក្នុងប្រភេទការងារផ្សេងបន្ថែមទៀតដូចជា ការងារក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។
ក្នុងន័យនេះ ទីភ្នាក់ងារជ្រើសរើសឯកជនដែលទទួលបានការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រង ពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរីទាំងអស់ អាចបញ្ជូនពលករខ្មែរទៅធ្វើការក្នុងប្រភេទការងារខាងលើ បន្ថែមលើការងារផ្ទះ និងការផ្តល់សេវាតាមផ្ទះនាពេលបច្ចុប្បន្ន ដោយត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ព្រមទាំងត្រូវអនុវត្តនូវនីតិវិធី នៃការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរី។
សូមជម្រាបថា ទីភ្នាក់ងារជ្រើសរើសឯកជន ដែលទទួលបានការអនុញ្ញាតឱ្យធ្វើការជ្រើសរើសបណ្តុះបណ្តាលបញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរី អាចទំនាក់ទំនងផ្ទាល់ជាមួយទីភ្នាក់ងារជ្រើសរើសសិង្ហបុរី ដែលទទួលបានការអនុញ្ញាត ដើម្បីធ្វើការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរី (បញ្ជីឈ្មោះ ទីភ្នាក់ងារសិង្ហបុរីមានផ្សព្វផ្សាយលើគេហទំព័រ https://service2.mom.gov.sg/eadirectory/ ឬអាចទំនាក់ទំនង តាមរយៈអ៊ីមែល [email protected] ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែម)។ ទីភ្នាក់ងារជ្រើសរើសឯកជន កម្ពុជា ក៏អាចធ្វើការដោយផ្ទាល់ជាមួយនិយោជកនៅប្រទេសសិង្ហបុរីដែលជាក្រុមហ៊ុនទទួលធំៗ ផងដែរ៕