(ភ្នំពេញ)៖ តុលាការកំពូល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាស ស្តីពីការទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជន ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០អង្គភាព។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ តុលាការកំពូលបានទទួលញត្តិរួមមួយរបស់តំណាង អង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជនរាប់ពាន់នាក់ ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០អង្គភាព ស្នើសុំឱ្យតុលាការកំពូលពិនិត្យមើលសំណុំរឿងក្តី លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដើម្បីដកសិទ្ធិមិនឱ្យធ្វើនយោបាយបន្តទៀត។
ញត្តិនេះបានបញ្ជាក់អំពី មូលហេតុនៃការស្នើសុំដែលមានខ្លឹមសារថា បន្ទាប់ពីលោក រ៉ុង ឈុន ធ្វើការញុះញង់ពាក់ព័ន្ធនឹងករណីព្រំដែន សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោកដោយដកសិទ្ធិនយោបាយ ប៉ុន្តែរហូត ដល់បច្ចុប្បន្នលោក រ៉ុង ឈុន មិនត្រឹមតែមិនព្រមអនុវត្តតាមនោះទេ ថែមទាំងធ្វើសកម្មភាពនយោបាយជាបន្តបន្ទាប់ មិនរាងចាលដោយមិនគោរពសេចក្តីសម្រេចរបស់តុលាការឡើយ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់តុលាការកំពូល៖