(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោកស្រី ស ចេង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត បានដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានចូលរួមដាំដើមត្នោតចំនួន ១០មុឺនដើម នៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ប្រាក់ សុវណ្ណ បានថ្លែងថា គោលបំណងនៃការដាំដើមត្នោតនេះ គឺជាផ្នែកចម្បងក្នុងការការពារ និងបន្សុតបរិមាណកាបូនក្នុងបរិយាកាស តាមរយៈការដាំដើមឈើជាតិដើមត្នោត ដែលជាដើមឈើស្នូលសម្រាប់សេដ្ឋកិច្ចជនបទ និងវប្បធម៌ប្រពៃណីរបស់ជាតិខ្មែរ។ដើមត្នោតមិនត្រឹមតែមានតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃអត្តសញ្ញាណជាតិផងដែរ។
លោក ប្រាក់ សុវណ្ណ បានថ្លែងបញ្ជាក់ថា ការដាំដើមត្នោតនេះ គឺជាជំហានដ៏សំខាន់មួយនៃយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់ខេត្ត និងបង្ហាញពីការចូលរួមរបស់សាធារណជនក្នុងការអភិរក្សធនធានធម្មជាតិ។ក្រៅពីការដាំត្នោតនៅតំបន់សាធារណៈ ក៏មានការចែកជូនកូនត្នោតចំនួនមួយទៀត ដល់អង្គភាពពាក់ព័ន្ធ ដើម្បីយកទៅដាំបន្ថែមនៅតាមតំបន់ផ្សេងៗ ដើម្បីបន្តអភិវឌ្ឍ និងពង្រីកដែនដីបៃតងឱ្យកាន់តែទូលំទូលាយផងដែរ។
លោកប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា៖ដោយសារ តែប្រទេសកម្ពុជារបស់យើង មានសុខសន្តិភាព និងឯកភាពជាតិពេញលេញ ដែលជាស្នាដៃ ឆ្នើមរបស់អគ្គមគ្គុទេសក៍ឯក នៃគោលនយោបាយឈ្នះ-ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តមរតក ដឹកនាំ ការពារសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងថាមពលខ្លាំងក្លា ទើបបងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពរបស់យើង មានឱកាសបានមករស់នៅបង្កបង្កើនផល ចិញ្ចឹមជីវិតនៅតាមបណ្តោយព្រំដែនប្រកបដោយសុខដុមរមនា ជាពិសេស នៅឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របស់យើង។
លោកបញ្ជាក់ថាពិតណាស់ថា តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គឺតែងតែយកចិត្តទុកដាក់ទាំងលើគោលនយោបាយ ចរចាជាមួយប្រទេសជិតខាងដើម្បីឱ្យតំបន់ព្រំដែន ក្លាយជាព្រំដែនសន្តិភាព ក៏ដូចជាគោលនយោបាយលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន តាមរយៈការផ្តល់ដី លំនៅដ្ឋាន ផ្ទះសម្បែង និងដឹកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការជំរុញលើកទឹក ចិត្តការវិនិយោគលើវិស័យកសិកម្ម មានដំណាំកៅស៊ូ ស្វាយចន្ទី ស្រូវ ពោត សណ្តែក ត្នោត ស្វាយ...ជាដើម ព្រមទាំងការស្វែងរកទីផ្សារកសិផល ការផ្តល់ទុនក្នុងអត្រាការប្រាក់ទាប និង ការដាក់ចេញនូវគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ប្រកបដោយភាពវៃឆ្លាត ត្រឹមត្រូវច្បាស់លាស់ និងប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាក់ស្តែងថ្ងៃនេះ ដើម្បីជាការរួមចំណែក្នុងការអភិវឌ្ឍជាតិស្របតាមចក្ខុវិស័យប្រាកដ និយម ច្បាស់លាស់ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លោកឧត្តមសេនីយ៍ត្រី អី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងលោកស្រី សំរិទ្ធ ដាលីន បានផ្តួចផ្តើមគំនិត ដាំដើមត្នោតចំនួន១០ម៉ឺនដើម ស្ថិតក្នុងភូមិសាស្ត្រឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីថែរក្សាអត្តសញ្ញាណជាតិដែលជាកេរមរតកធម្មជាតិដូនតាខ្មែរផង ជាប្រយោជន៍សាធារណៈ និងសេដ្ឋកិច្ចផង ព្រមទាំងមានការដាំដើមត្នោតនៅតាមដងផ្លូវ សាលារៀន សាលាឃុំ មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងវរៈការពារព្រំដែន សរុបចំនួន៥ពាន់ដើមផងដែរ។
លោក ប្រាក់ សុវណ្ណ បានថ្លែងបន្តថា៖ក្រៅពីតម្លៃនៃអត្តសញ្ញាណជាតិ និងជាកេរមរតកវប្បធម៌ខ្មែរ ដើមត្នោត ពិតជាមានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច មិនចាញ់ ដំណាំកសិ-ឧស្សាហកម្ម មួយចំនួនឡើយ បើយើងរាប់ចាប់ពីគល់ រហូតដល់ ស្លឹកត្នោត មានដូចជា៖ ផ្លែខ្ចី អាចយកមកសម្លរ ទុំធ្វើនំ ផ្កាគៀបយកទឹក ធ្វើជាភេសជ្ជៈទឹកត្នោតផ្អែម ទឹកត្នោតជូរ ស្រាត្នោត និងធ្វើជាទឹកខ្មេះក៏បាន ជាពិសេស ផលិតជាស្ករត្នោតមានគុណភាពខ្ពស់ គ្មានជាតិគីមី ទទួលស្គាល់ជាអន្តរជាតិ និងបាននាំចេញទៅលក់លើទីផ្សារអន្តរជាតិផងដែរ។ដោយឡឺកស្លឹកធ្វើមួក កន្ត្រក និងអាចប្រក់ជាដំបូលផ្ទះ ដើមធ្វើទូក សង្ហារឹម តុ ទូ កៅអី គ្រែ រនាប និងជញ្ជាំងផ្ទះបានទៀតផងដែរ។
លោកប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ក៏បានផ្តាំផ្ញើថ្លែងអំពាចនាវឱ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ បង្ការគ្រោះថ្នាក់ចរាចរណ៍ និងរឹតបន្តឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។
ហើយលោកក៏បានសំណូមពរ និងអំពាវនាវ ដល់អ្នកចូលរួមក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមបន្តចូលរួមដាំដើមត្នោត និងដើមឈើគ្រប់ប្រភេទ តាមដែលអាចធ្វើទៅបាន ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះផ្គររន្ទះ មូសខាំ ក្នុងរដូវវស្សា និងនាំគ្នាចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដែលបានផ្ទុះឡើងវិញ នាពេលថ្មីៗនេះ៕