(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានហៅការបំផុសព័ត៌មានរឿងអង្ករប្លាស្ទិកតាមបណ្តាញសង្គម Facebook ថា ជាការប្រឌិតរឿងក្នុងចេតនាទុច្ចរិតជាន់ពន្លិចសេដ្ឋកិច្ចរបស់កម្ពុជា ហើយក្រសួងក៏បាននិងកំពុងសហការជាមួយអ្នកពាក់ព័ន្ធ ស្វែងរកជនខិលខូចប្រឌិតព័ត៌មានមកផ្តន្ទាទោសទៅតាមច្បាប់។
លោករដ្ឋមន្រ្តី បានថ្លែងដូច្នេះក្នុងពេលរូបលោកដឹកនាំមន្រ្តីកាំកុងត្រូលចុះពិនិត្យកន្លែងលក់អង្ករនៅមុខស្ថានីយរថភ្លើងនាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្នុងដំណើរចុះពិនិត្យអង្ករនាព្រឹកមិញនេះ មិនមានរកឃើញអង្ករប្លាស្ទិកនោះលើយ ហើយលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានណែនាំបន្ថែមទៅដល់ក្រុមអាជីវករឲ្យមានស្មារតីទំនួលខុសត្រូវខ្ពស់ក្នុងការលក់ដូររបស់ខ្លួន ជាពិសេសកុំនាំយកអង្ករខូចគុណភាពមកលក់ដូរដែលនាំឲ្យប៉ះពាល់សុខភាពរបស់អ្នកទិញ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងថា កម្ពុជាគ្មានអង្ករប្លាស្ទិក ហើយជនដែលបង្កើតបញ្ហានេះ មានបំណងធ្វើវិទ្ធង្សនាដល់ការនាំចេញអង្ករខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ដែលកត្តានេះអាចធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។
លោករដ្ឋមន្រ្តីបញ្ជាក់ដូច្នេះ «គេដឹងថា យើងមានអង្ករល្អ អង្ករដែលបានឈ្នះពានរង្វាន់លេខ១ របស់ពិភពលោកចំនួនបីឆ្នាំជាប់គ្នា ហើយកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ ដូច្នេះទើបគេបង្កើតរឿងនេះឡើង ដើម្បីបំពុលបរិយាកាស និងទាញទម្លាក់កេរ្តិ៍ឈ្មោះអង្កររបស់កម្ពុជា»។
លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្វែងរកប្រភពវីដេអូ ដែលបង្ហោះចែកចាយតាមបណ្តាញសង្គម និងជនខិលខូចដែលប្រឌិតបញ្ហានេះឡើង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ឆ្លើយតបនិងការផ្សព្វផ្សាយព័ត៌មាននេះ នៅសប្តាហ៍មុនសហភាពសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានយកសំណាកអង្ករមួយចំនួន ដែលគេ អះអាងថាផលិតពីប្លាស្ទិកទៅពិសោធន៍ជាមួយក្រសួងសកិកម្មផងដែរ តែជាលទ្ធផលនៃការពិសោធន៍ គឺមានជាតិប្លាស្ទិកនៅក្នុងអង្ករនោះឡើយ៕