(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី កាន់ ចន្រ្ទា ទៀវិញ, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ យុវជន អាជីវករ និងពុទ្ធបរិស័ទ ទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រារព្ធពិធីបុណ្យឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។

ពិធីនេះដែរធ្វេីឡេីងក្នុងគោលបំណង ដើម្បីរក្សានូវទំនៀមទម្លាប់ប្រពៃណី និងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសសូមឱ្យមានទឹកភ្លៀងបរិបូរណ៍ សម្រាប់ធ្វើស្រែចម្ការ ទទួលបានភោគផលជាទីគាប់ចិត្ត។

ពិធីបុណ្យនេះត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃសៅរ៏-អាទិត្យ ១៣-១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៥ នៅទីតាំងបូជនីយដ្ឋានលោកឧញ៉ា ដែលស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញ មានរៀបចំសែនក្រុងពាលី ប្រារព្ធបទនមសិកា សមាទានសីល ចម្រើនព្រះបរិត្ត ពិធីអភិសេករូបសំណាក លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ, ពេលរាត្រីមានថ្វាយកាំជ្រួច, ភ្ញីទៀន, សម្តែងគុណល្បុក្កតោ និងមានល្ខោនបាសាក់ទស្សនាកំសាន្តផងដែរ។ លុះព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ មានរៀបចំវេរភត្តាហារ បង្សកូលឧទ្ទិសបុណ្យ និមន្តព្រះសង្ឃទទួលចង្ហាន់បិណ្ឌបាត ពិធីសែនឡើងរោង ពិធីវន្ទាអាវុធ ព្រះសង្ឃបង្សកូល បំពាក់កំរ៉ងផ្កា និងស្រោចទឹកផ្នូរ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យ។

យោងតាមប្រវត្តិសាស្ត្រសង្ខេប បានឱ្យដឹងថា លោកឧកញ៉ា ឃ្លាំង មឿង កាលនៅមានជីវិត ជាមេទ័ពដ៏ស្មោះស្ម័គ្រ របស់ព្រះអង្គ ច័ន្ទ រាជា ក្រោយមកដើម្បីឱ្យខ្លួនមានប្ញទ្ធិអំណាចកាន់តែខ្លាំង ដើម្បីប្រយុទ្ធជាមួយសត្រូវ ក៏សុខចិត្តស្លាប់ទៅកេណ្ឌទ័ពខ្មោច តាមជួយក្នុងការធ្វើសង្រ្គាម។ លោកឧកញ៉ា ឃ្លាំង មឿង ក្រោយពីទទួលបានការអនុញ្ញាត ពីព្រះអង្គច័ន្ទរាជា ឱ្យស្លាប់តាមការស្នើសុំទៅកេណ្ឌទ័ពខ្មោច ក៏ត្រេកអរជាខ្លាំង រួចបញ្ជាឱ្យទាហានជីករណ្ដៅ ទំហំ៨ហត្ថបួនជ្រុង ហើយក្នុងរណ្ដៅដាំសុទ្ធតែលំពែង ហើយធ្វើពិធីបួងសួងយ៉ាងម៉ត់ចត់ និងផ្ដាំថា បើយប់ថ្ងៃពេញបូណ៌មី ខែពិសាខ ស្អែកនេះ មានឮសន្ធឹកខ្ទរខ្ទារមេឃ និងដី ឱ្យលើកទ័ពទៅវាយសត្រូវភ្លាម។ ជំទាវ ខាន់ ខៀវ ដោយឈឺឆ្អាលចង់ជួយផែនដីដែរ ក៏ថ្វាយបង្គំលា ព្រះអង្គ ច័ន្ទរាជា លោតសម្លាប់ខ្លួនជាមួយ លោកឧកញ៉ា ឃ្លាំង មឿង។ ឯកូនឧកញ៉ា ឃ្លាំង មឿង ទាំង៤នាក់ ឃើញឪពុកស្លាប់ ក៏ស្ទុះទៅលោតសម្លាប់ខ្លួនដែរ តែគេចាប់ទាន់២នាក់ គឺចៅពញាវិបុលរាជទេព និងចៅពញាតេជះសុខ។

ចំពោះចៅពញាវង្សាអគ្គរាជកែវ និងពញាបរទេសរាជ ដែលជាកូនទី១ និងកូនទី២ គេចាប់ពុំទាន់ ក៏បានលោតទៅជាមួយឪពុក និងជំទាវ ខាន់ ខៀវ បាត់ទៅ។ ដូចតាមបណ្ដាំ លោកឧកញ៉ា ឃ្លាំង មឿង នៅយប់ពេញបូណ៌មី មានអព្ហូតហេតុអស្ចារ្យ ឮខ្ទរខ្ទារលើអាកាស និងលើដី ទើបព្រះអង្គ ច័ន្ទរាជា បញ្ជាឱ្យលើកទ័ពទៅព័ទ្ធវាយសត្រូវ ធ្វើឱ្យពួកវាភិតភ័យ រត់ខ្ចាត់ខ្ចាយ ខ្លះត្រូវសម្លាប់ ហើយរឹបអូសបានស្បៀងអាហារ និងអាវុធយុទ្ធភណ្ឌជាច្រើន។

អ្នកស្រុកពោធិ៍សាត់ ដោយសារតែវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឃ្លាំង មឿង តែងតែជួយទឹកដី ពេលមានអាសន្នជាបន្តបន្ទាប់ ទើបប្រជារាស្ត្រខេត្តពោធិ៍សាត់ តែងតែប្រារព្វពិធីរំលឹក ដល់គុណលោកឧកញ៉ា ឃ្លាំង មឿង រៀងរាល់មួយឆ្នាំម្ដង នៅខែពិសាខ គឺជាខែដែលតាមឿង បូជាជីវិតទៅកេណ្ឌទ័ពខ្មោច។ ក្រោយមកពិធីបុណ្យនេះ បានក្លាយជាបុណ្យឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រហូតមក។

បើតាមឯកសារប្រវត្តិសាស្រ្ត នៅក្នុងសៀវភៅមហាវីរៈបុរសខ្មែរ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ចាត់ទុកជាវរៈជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាម ជាមួយទ័ពសៀម ការពារទឹកដីប្រទេសកម្ពុជា។ រូបរាងកាយលោកឧកញ៉ា និងលោកជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស និងបាននាំគ្នាមកគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ដោយសារបារមីនេះហើយ ទើបថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានបួងសួងសុំឱ្យឆ្នាំនេះ មានទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់ការងារដាំដុះ គ្មានគ្រោះមហន្តរាយទឹកជំនន់។

ម្យ៉ាងវិញទៀតសូមបារមី លោកឧកញ៉ា និងជំទាវ និងបារមីរក្សាការពារ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ សូមតាមជួយថែរក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត សូមទទួលបានជោគជ័យតទៅមុខជានិច្ចនិរន្តន៍ ជាពិសេសសូមឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍ទៅមុខជាលំដាប់៕