(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រសាសន៍ថា កម្ពុជានិងស៊ុយអ៊ែត បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ឡើង ហើយពិនិត្យមើលសក្តានុពលនានា ដែលប្រទេសទាំងពីរអាចសហការគ្នាបាន ជាពិសេសវិស័យសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្មជាដើម។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចតេជោ អនុញ្ញាតឲ្យ លោកស្រី Maria Sagren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត (Sweden) ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោ បានបង្ហាញភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានធ្វើការរួមគ្នាលើបញ្ហាកិច្ចផ្ដួចផ្ដើមសកលលើបញ្ហាសិទ្ធពលករ និងបញ្ហាបៀវត្សរបស់ពលករជាដើម។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងប្រទេសស៊ុយអែត ដែលកន្លងមក ធ្លាប់បានជួយប្រទេសកម្ពុជា កាលពីទសវត្សទី៨០បន្ទាប់ពីការផ្ដួលរំលំរបប ប៉ុលពត មក ដែលបានទទួលស្គាល់រដ្ឋកម្ពុជានាពេលនោះ។
ជាមួយគ្នានោះ លោកស្រី Maria Sagren បានគោរពជម្រាបជូន សម្ដេចតេជោ អំពីអារម្មណ៍រំភើបរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ លោកស្រី Maria Sagren ក៏បានអរគុណ សម្តេចតេជោ ដែលបានផ្តល់ពេលវេលា និងផ្តល់កិត្តិយសទទួលរាក់ទាក់លោកស្រី។ ជាមួយគ្នានេះដែរ លោកស្រី Maria Sagren បានជម្រាបជូន សម្ដេចតេជោ អំពីទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ គឺមានតាំងពីឆ្នាំ១៩៦១ មកម៉្លេះ។
លោកស្រីបានបន្តទៀតថា ប្រទេសទាំងពីរបានរក្សាមិត្តភាព និងពង្រីកទំនាក់ទំនងនេះ ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០១០ ទើបប្រទេសស៊ុយអែត បានបើកស្ថានទូតផ្លូវការ នៅប្រទេសកម្ពុជា។ លោកស្រីគឺជា ឯកអគ្គរដ្ឋទូតទី៣ហើយមកកាន់កម្ពុជា។ ឈរលើមូលដ្ឋានទំនាក់ទំនងមានស្រាប់នេះ លោកស្រីនឹងផ្ដោតការយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ រវាងប្រទេស ទាំងពីរ កម្ពុជា-ស៊ុយអែត ដើម្បីឈានឆ្ពោះទៅទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត។
សម្រាប់កិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរអាចធ្វើបាន លោកស្រីបានផ្ដោតលើវិស័យអប់រំ ការផ្លាស់ប្ដូរវប្បធម៌ការបណ្ដុះ បណ្ដាលធនធានមនុស្ស និងបញ្ហាបំរែបំរួលអាកាសធាតុជាដើម ទាំងនេះជាមូលដ្ឋាន ដែលប្រទេសទាំងពីរនឹងខិតខំពង្រឹងបន្ថែមទៀត។
បន្ថែមពីលើនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញ លោកស្រី Maria Sagren ចូលរួមនៅក្នុងពិធីបុណ្យអុំទូកខាងមុខ ដើម្បីលោកស្រីអគ្គរដ្ឋទូតកាន់តែស្គាល់ នូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ប្រទេស កម្ពុជា ព្រោះពីធីនេះគឺមានតែម្តងទេក្នុងមួយឆ្នាំ ដែលមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីនៃប្រទេសមកចូលរួម៕