(កំពង់ស្ពឺ)៖ ក្រោមការបញ្ជាដោយផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ជនសង្ស័យចំនួន ៣នាក់ និងដកហូតបានគ្រឿងញៀនជាង ២គីឡូក្រាម បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងរយៈពេល២ថ្ងៃផ្សេងគ្នា ដោយជាក់ស្តែង នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ជាប់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ ឃាន ម៉េងលៀង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ធំ (ទម្ងន់៩៩៦.៦៧ក្រាម), ទូរស័ព្ទចំនួន០២គ្រឿង(ខូច),កាំភ្លើងហ្គាសចំនួន ០១ដើម និងប្រាក់រៀល ចំនួន ១៣០.០០០រៀល(ដប់បីម៉ឺនរៀល)។
លុះដល់វេលាម៉ោង១៤:៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា បានបន្តធ្វើការបង្រាមនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀត ស្ថិតនៅចំណុចភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យរួមមានទី១៖ ឈ្មោះ ជា សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្ប ភូមិរំលង សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងជនសង្ស័យទី២៖ ឈ្មោះ កែវ សុធា ហៅ ឌី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់រថយន្ត មានទីលំនៅបច្ចុប្បន្នភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងរួមមាន៖ ទូរស័ព្ទ ចំនួន០៣គ្រឿង និងរថយន្តចំនួន០១គ្រឿង (ម៉ាកLandcrucer ពណ៍សស្លាកលេខ ភព2G-7534)។
ក្នុងរង្វង់ប្រតិបត្តិការបន្ទាប់ទៀតគឺនៅវេលាម៉ោង១៦:៤០នាទី កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបន្តសហការជាមួយកម្លាំងមូលដ្ឋានក្រុងច្បារមន និងកម្លាំងមូលដ្ឋានក្រុងឧត្តុងម៉ែជ័យ ដឹកនាំដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បន្តមកផ្ទះបុរី cs លេខ N• ១៧ ផ្លូវលេខA1 ស្ថិតនៅភូមិត្រពាំងប្រិយ៍ សង្កាត់ក្សេមក្សាន្ត ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលជនសង្ស័យជាម្ចាស់ផ្ទះឈ្មោះ ជា ភេទប្រុស(បានរត់គេចខ្លួន)។ ប៉ុន្តែត្រូវបានចាប់យកវត្ថុតាងបានរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាសាធាតុញៀនចំនួន ១០កញ្ចប់(ទម្ងន់ ៦៩៧.០១ក្រាម), ម្សៅពណ៌សង្ស័យជាសារធាតុញៀន(K) ចំនួន២កញ្ចប់(ទម្ងន់ ១.៧១ក្រាមថ្លឹងទាំងសំបក), ម្សៅកញ្ចប់ពណ៌សសញ្ញារូបសេះ Ferrery ចំនួន៤២កញ្ចប់(ទម្ងន់ ៣៧៨.៥៤ក្រាម)។
នៅវេលាម៉ោង១៥:៤០នាទី កម្លាំងជំនាញមន្ទីរស្រាវជ្រាវ បានបន្តសហការជាមួយកម្លាំងមូលដ្ឋានស្រុកសំរោងទង ទៅយករថយន្ត ០១គ្រឿងម៉ាក(Lesux300 CTពណ៍ស) គ្មានស្លាកលេខ ជារថយន្តរបស់ឈ្មោះ ឃាង ម៉េងលៀង ដែលជិះធ្វើសកម្មភាព កន្លងមក នៅចំណុចការ៉ាស់ជួសជុលឡានមួយកន្លែង ស្ថិតនៅភូមិព្រុយគុយ ឃុំដំណាក់អំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕