(ហាណូយ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបុណ្យសពលោក ជិន ឌឹក លឿង (Tran Duc Luong) អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជូនដំណើរសពជាលើកចុងក្រោយ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក To Lam អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម, លោក Luong Cuong ប្រធានរដ្ឋ, លោក Tran Thanh Man ប្រធានរដ្ឋសភា រួមជាមួយនឹងថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្សរដ្ឋ ជាច្រើនរូបទៀត។ ជាមួយគ្នានោះ ក៏បានការចូលរួមពីប្រតិភូនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ លោកស្រី ប៉ានី យ៉ាធូទូ អនុប្រធានរដ្ឋផងដែរ ។

សពក៏ត្រូវដង្ហែរចេញពីទីក្រុងហាណូយ ឆ្ពោះទៅស្រុកកំណើតរបស់លោក ស្ថិតនៅឃុំ Pho Khanh ទីក្រុង Duc Pho ខេត្ត Quang Ngai ប្រទេសវៀតណាម ដើម្បីធ្វើពិធីបញ្ចុះ៕