(ភ្នំពេញ)៖ បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន ដែលចាប់កំណើតក្នុងគ្រាឪពុកចេញតស៊ូរំដោះប្រទេសជាតិ គឺលោក ហ៊ុន ម៉ាណែត បានបង្ហើពាក្យពេចន៍ និងគន្លឹះមួយចំនួនក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ អំឡុងពេលរូបលោកអញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋ និងពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង។
កូនមេដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដែលជាប្ញស្សីថ្មីកំពុងមានប្រជាប្រិយភាព និងលេចធ្លោរនាពេលបច្ចុប្បន្នបានថ្លែងលើទំព័រ Facebook របស់លោកនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឲ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវស្តាប់ និងសិក្សាស្វែងយល់ពីបញ្ហា ឲ្យបានច្បាស់លាស់ ជាមុនសិន ហើយជាពិសេសស្តាប់ពីអ្នកដែលធ្វើផ្ទាល់តែម្តង។
លោកបានបញ្ជាក់ថា «ការយកចិត្តទុកដាក់បង្កើតឱកាសការងារទាំងក្នុង និងក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋ គឺជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលបាន ខិតខំធ្វើជាប្រចាំ។ បន្ថែមពីលើនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាប់ជាប្រចាំក្នុងការតាមដានស្វែងយល់អំពីតម្រូវការចាំបាច់ ក៏ដូចជាផ្តល់ដំណោះស្រាយជាបន្តបន្ទាប់ដល់កម្មករ និង ពលករយើង»។
យុវជនជំនាន់ថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានគេមើលឃើញថា មានការគាំទ្រខ្លាំងពីស្រទាប់យុវជនរូបនេះ បានបន្តថា នៅក្នុងប្រទេសកូរ៉េខាងត្បូង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូត និងក្រសួងការងារបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅនិងធ្វើការងារ ដែលរួមមានពលករ ស្រ្តីរៀបការប្តីកូរ៉េ និងនិស្សិត តាមរូបភាពជាច្រើនដូចជា ការជួយសម្រួលដល់ការពន្យារលិខិតឆ្លងដែន ឯកសារបែបបទនានាស្រាប់ស្ត្រី មានប្តីកូរ៉េនិងពលករ យកចិត្តទុកដាក់ដល់ពលករដែលជួបគ្រោះថ្នាក់ក្នុងការងារពលករ ដែលបានស្លាប់ ការផ្តល់បន្ទប់ស្នាក់នៅបណ្តោះអាសន្នដោយឥតគិតថ្លៃ។ល។
លោក ហ៊ុន ម៉ាណែត ដែលមានវ័យទើប ៣៩ឆ្នាំបានបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះ រូបលោក និងក្រុមការងាររួមជាមួយ ឯកអគ្គរាជទូត បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងសមាគមជួយពលករ និង ស្ត្រីរៀបការប្តីកូរ៉េ មជ្ឈមណ្ឌលគាំពារពលករព្រះសង្ឈ តំណាងនិស្សិត ដើម្បីស្តាប់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងនៅកូរ៉េ ជាពិសេសស្តាប់នូវបញ្ហាប្រឈមនានា សំណូមពរ និងតម្រូវការថ្មីៗទៀត ដើម្បីរកដំណោះស្រាយឲ្យចំគោលដៅ នៃសេចក្តីត្រូវការបន្ថែមទៅលើអ្វីដែលបានដោះស្រាយរួចកន្លងមក។
ជាការកត់សម្គាល់លោក ហ៊ុន ម៉ាណែត តែងតែបានធ្វើដំណើរជួបប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីពន្យល់ពីស្ថានការរបស់ប្រទេស ខ្មែរនាពេលបច្ចុប្បន្ន ក៏ដូចជាស្វែងរកការគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាផងដែរ។ នាពេលថ្មីៗនេះ លោក ហ៊ុន ម៉ាណែត ទើបនិងបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសអូស្ត្រាលី ដោយបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅទីនោះជាច្រើន នាក់ បើទោះបីជាមានការព្យាយាមធ្វើបាតុកម្មពី ក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ និងលោក ហុង លីម តំណាងរាស្រ្តអូស្ត្រាលីមានដើមកំណើតខ្មែរក៏ដោយនោះ៕