(កំពង់ធំ)៖ ដោយទទួលបានការរាយការណ៍ពីអាជ្ញាធរភូមិ ឃុំ ពីបញ្ហាខ្វះទឹកស្រោចស្របស្រូវរបស់ពលរដ្ឋ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំអាជ្ញាធរឃុំនិងក្រុមការងារចុះពិនិត្យមើលស្ថានភាពស្រូវរបស់ប្រជាកសិករនៅឃុំពង្រ ឃុំទ្រៀល ឃុំស្រឡៅ ស្រុកតាំងគោក ដែលកំពុងត្រូវការទឹកស្រោចស្រពប្រមាណ ១.២១៦ហិកតា រងចាំទឹកភ្លៀងត្បិតមិនមានប្រភពស្រោចស្រព។

នាឱកាសចុះត្រួតពិនិត្យនោះ លោក ហាក់ ម៉ុងហួត បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចុះសិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាព ដែលមាននោះឡើយ។

សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោកប្រភេទ IR សែនក្រអូប OM ដែលត្រូវការទឹកស្រោចស្រព ចំនួនប្រមាណ ១.២១៦ហិកតា (រងចាំទឹកភ្លៀង ត្បិតមិនមានប្រភពស្រោចស្រព) នៅឃុំទ្រៀល និងឃុំស្រឡៅ។ កង្វះទឹកទាំងនេះបានធ្វើឱ្យបង្អាក់ការលូតលាស់របស់ដំណាំស្រូវ និងបន្ថយទិន្នផលដំណាំស្រូវ ក្នុងនោះស្រូវដែលបានបែកហេីយមានចំនួន ១១៦ហិកតា (ថែមប្រឈមនឹងសត្វកណ្ដុរកាត់ទៀត) ស្រូវដែលមានអាយុ ១ខែឡើងមានចំនួន ១.១០០ហិកតា៕