(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែតុលានេះ បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសផ្អាកគ្រប់ការដ្ឋានសាងសង់ និងការចរាចររថយន្តដឹកជញ្ជូនសម្ភារសាងសង់ធំៗទាំងអស់ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក។
ការប្រកាសរបស់លោក ប៉ា សុជាតិវង្ស ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ បានប្រជុំការងារលម្អិតសម្រាប់ព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិឱ្យបានសប្បាយរីករាយប្រកបដោយសុខសុវត្ថិភាព។
លោក ប៉ា សុជាតិវង្ស បានសរសេរលើ Facebook ផ្លូវការរបស់លោកថា « ខ្ញុំសូមប្រកាសផ្អាកគ្រប់ការដ្ឋានសាងសង់ និងការចរាចររថយន្តដឹកជញ្ជូន សម្ភារសាងសង់ធំៗទាំងអស់ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦តែម្តង»។
លោកបានលើកឡើងថា «យើងបានត្រៀមរួចជាស្រេចដើម្បីដោះស្រាយបញ្ហានានា ដែលរួមមានទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការងារគ្រប់គ្រងទូក ការងាររចនាតុបតែង និងអនាម័យ ការងារផ្សព្វផ្សាយ ព័ត៌មាន សិល្បៈ និងប្រទីប ការងារសង្គ្រោះបន្ទាន់ ការងារចរាចរណ៍ ទាំងការងារសណ្ដាប់ធ្នាប់លក់ដូរ និងចំណត ជាដើម ជូនបងប្អូន»។
សូមជម្រាបថា ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចត្រៀមកម្លាំងជាង១មឺុននាក់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់៕