(ភ្នំពេញ)៖ តំណាងសិស្សវិទ្យាល័យទឹកល្អក់ចំនួន១១០នាក់ រួមទាំងលោកគ្រូ អ្នកគ្រូ និងអាជីវករលក់ដូរ ក្នុងសាលាមួយចំនួនទៀត នៃវិទ្យាល័យទឹកល្អក់នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ទទួលបានការបណ្តុះ បណ្តាលអំពីសុវត្ថិភាពចំណីអាហារ និងកិច្ចការបារអ្នក ប្រើប្រាស់ពីមន្ត្រីជំនាញសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ។
លោក ខៀវ បញ្ញាវឌ្ឍន៍ អនុប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា វិទ្យាល័យទឹកល្អក់ គឺជាគ្រឹស្ថានសិក្សាទី១ ដែលត្រូវបានទទួលការបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ នេះ។
លោកបានឲ្យដឹងថា កម្មវិធីបណ្តុះបណ្តាលសុវត្ថិភាពចំណីអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានធ្វើឡើងទូទាំងប្រទេស ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋាន និងដាច់ដោយឡែកពីគ្នាដល់មន្ត្រីមូលដ្ឋានអាជីវករលក់ដូរ អ្នកផលិត អ្នកចែកចាយចំណីអាហារ និងសិស្សសាលា នៅទូទាំងប្រទេសកម្ពុជា នូវវិធីសាស្ត្រគ្រប់គ្រប់ម្ហូបអាហារអោយមានសុវត្ថិភាព របៀបនៃការដាក់តាំងលក់ របៀបនៃការថែរក្សា និងការចំអិនម្ហូបអាហារឲ្យមានសុវត្ថិភាព ក៏ដូចជារបៀបនៃការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពផងដែរ។
លោក ខៀវ បញ្ញាវឌ្ឍន៍ ក៏បានឲ្យដឹងផងដែរថា វិធីសាស្ត្រនៃការធ្វើអនាម័យមុន និងក្រោយពេលចំអិន និងបរិភោគអាហារ របៀបនៃការបរិភោគអាហារ អាហារូបត្ថម្ភចាំបាច់ ដែលងាយរកនិងមានផលប្រយោជន៍ ដល់សុខភាព ដូចជាសារធាតុអ៊ីយ៉ូត ដែលអាចរកបានយ៉ាងងាយ ក្នុងអំបិលអ៊ីយ៉ូត ក៏ត្រូវបានដាក់បញ្ចូលក្នុង កម្មវិធីផ្សព្វផ្សាយនេះដែរ។ លោកបានសង្កត់បន្ថែមថា បទដ្ឋានគតិយុទ្ធ ក្នុងការទទួលខុសត្រូវ ចំពោះមុខច្បាប់ ក្នុងការលបលួចនាំចូលចែកចាយ និងផលិត ទំនិញមិនមានសុវត្ថិភាព និងទួនាទីរបស់អ្នកប្រើប្រាស់ ត្រូវបានមន្ត្រីជំនាញលើកយកមកផ្សព្វផ្សាយ ផងដែរ។
លោក ខៀវ បញ្ញាវឌ្ឍន៍ បានសង្កត់ធ្ងន់ថា ការទប់ស្កាត់ទំនិញហូបចុក ដែលលបលួចនាំចូល តាមមាត់ច្រក ព្រំដែន មួយផ្នែកមិនគ្រប់គ្រាប់ទេ ប៉ុន្តែវិធានការបង្ក្រាប នៃការលបលួចផលិតចំណី អាហារមិនមានសុវត្ថិភាព ដោយជនខិលខូចមួយចំនួនតូច និងការត្រួតពិនិត្យទៅលើទំនិញដាក់តាំងលក់ខុសបច្ចេកទេស និងការ រក្សាស្តុកទុកយូររហូតដល់ហួសកាលបរិច្ឆេទ ក៏ជាវិធានការសំខាន់មួយទៀត ដែលអគ្គនាយកដ្ឋានកាំកុង ត្រូលត្រូវតែធ្វើក្នុងផ្ទៃប្រទេសជានិច្ចនិរន្ត។ យុទ្ធនាការនៃការអប់រំផ្សព្វផ្សាយ អំពីចំណេះដឹងសុវត្ថិភាព ចំណីអាហារ ជាសារធារណៈ ក៏ត្រូវតែបន្តធ្វើ និងមានកម្មវិធីកំណត់ច្បាស់លាស់ស់។
ក្នុងនាមអគ្គនាយកដ្ឋានកាំកុងត្រូល លោក ខៀវ បញ្ញាវឌ្ឍន៍បានសំណូមពរដល់បងប្អូនដែលជាអាជីវករ អ្នក ផលិត និងអ្នកនាំចូល មេត្តាសហការជាមួយស្ថាប័នជំនាញ ដោយទទួលខុសត្រូវខ្ពស់ ចំពោះទំនិញនិង សកម្មភាពរបស់ខ្លួនគិតដល់សុខភាពសាធារណៈនិងសុខមាលភាពសង្គម រួមចំណែកទាំងអស់គ្នាក្នុង ការកសាងនិងអភិវឌ្ឍប្រទេស។ លោកក៏បានសំណូមពរ ដល់សារធាររណជនទាំងអស់ ដែលប្រើប្រាស់ បណ្តាញសង្គម សូមមេត្តាចែករំលែកព័ត៌មាននិងចំណេះដឹងដែលប្រកបដោយការ សីលធម៌ និងមាន លក្ខណៈវិទ្យាសាស្ត្រ ចៀសវាងការបំពុល បរិយាកាសសង្គម ទៅតាមរូបភាពផ្សេងៗ។
លោកក៏បានទទូច អោយប្រជាពលរដ្ឋទាំងអស់ មេត្តាសហការ ផ្តល់ពត៌មាន ដល់មន្ត្រីជំនាញកាំកុងត្រូលនិងស្ថាប័នពាក់ព័ន្ធតាម Hotline ដែលបានប្រកាសជាសាធារណៈ នូវរាល់បទលើសចំណីអាហារទាំងឡាយណា ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ អោយបានទាន់ពេលវេលា និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕