(កំពង់ឆ្នាំង)៖ លោកយាយចាស់ជរា ២គ្រួសារ និងនិវត្តជនមួយគ្រួសារ មានមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានទទួលអំណោយ និងថវិកា ក្រោមការជួយឧបត្ថម្ភពីលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំងដោយផ្ទាល់។
លោកយាយចាស់ជរាទាំង២គ្រួសារមានឈ្មោះលោកយាយ ម៉ា ហុន អាយុ៩៦ឆ្នាំ មានទីលំនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងម្នាក់ទៀតឈ្មោះលោកយាយ គឹម ហូយ អាយុ៦៨ឆ្នាំ រស់នៅចាំផ្ទះឱ្យគេតែម្នាក់ឯង ស្ថិតក្នុងភូមិព្រៃធ្នង់សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ដោយឡែកអ៊ំប្រុសម្នាក់ទៀតឈ្មោះ ឌុច សឿន អាយុ៦២ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ជានិវត្តជន។
លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អំណោយ និងថវិកាបន្តិចបន្តួចដែលបានយកទៅផ្ដល់ជូនជនចាស់ជរានិង និវត្តជនខាងលើនេះ គឺ ជាទឹកចិត្តរបស់លោកផ្ទាល់ ដែលបានជួយឧបត្ថម្ភដល់ពួកគាត់ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅជាក់ស្ដែង។
លោកបញ្ជាក់ទៀតថា រយៈពេលកន្លងមកក៏ដូចជាក្នុងពេលបច្ចុប្បន្នគឺលោកតែងតែគិតគូរអំពីសុខទុក្ខដល់ពលរដ្ឋទូទៅដែលជួបការលំបាកទាំងជីវភាពរស់នៅ និងជួបបញ្ហាផ្សេងៗ គឺលោកតែងតែផ្ដល់ជូនពួកគាត់ទៅតាមលទ្ធភាពជាក់ស្ដែង ដោយពុំមានការរើសអើងនោះឡើយ។ សកម្មភាពមនុស្សធម៌ទាំងអស់នេះក៏ដោយមានការណែ នាំដ៏ខ្ពង់ខ្ពស់ពីលោកអភិបាលខេត្ត ដែលត្រូវតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីជួយពួកគាត់ទៅតាមលទ្ធភាពឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា អំណោយដែលបានយកទៅផ្ដល់ជូនជនចាស់ជរា និងនិវត្តជនខាងលើនេះមានអង្ករ ត្រីខកំប៉ុង មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ៕