Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងការពារជាតិ អំពាវនាវកងទ័ពទាំងអស់ ទៅចុះឈ្មោះបោះឆ្នោត

08-11-2016 13:56

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានក្រើនរំលឹក និងអំពាវនាវទៅដល់កងទ័ពទាំង ព្រមទាំងក្រុមគ្រួសារផងដែរនាំគ្នា ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតំណាងរាស្រ្តនៅឆ្នាំ២០១៨។

ការអំពាវនាវរបស់នាយឧត្តមសេនីយ៍ ទៀ បាញ់ បានធ្វើឡើងនៅថ្ងៃទី០៨ ខេវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាសប្រារព្ធខួប៦៣ឆ្នាំ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដែលមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ នៃក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត។

នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវឲ្យយោធិន នៃកងយោធពល ខេមរភូមិន្ទយើង ព្រមទាំងក្រុមគ្រួសារសាច់ញាតិទាំងអស់ ដែលនៅមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត សូមប្រញាប់រួសរាន់អញ្ជើញទៅចុះឈ្មោះ ឲ្យបានគ្រប់ៗគ្នា ព្រោះនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី២៩ ចុងខែវិច្ឆិកានេះ នឹងត្រូវបិទបញ្ជីបញ្ចប់កាលបរិច្ឆេទ នៃការចុះឈ្មោះជាស្ថាពរហើយ»

សូមបញ្ជាក់ថា ដំណើរការ នៃការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកា នេះហើយ ពោលនៅសល់តែរយៈពេលជាងពីរសប្តាហ៍ទៀតប៉ុណ្ណោះ។ ក្នុងរយៈពេលជាង ២ខែមកនេះ មានប្រជាពលរដ្ឋខ្មែរជិត ៧លាននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ជាង៩,៦លាននាក់៕