(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោងជាង ១២ ថ្ងៃត្រង់ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ អាចគ្រប់គ្រងហេតុការណ៍ធ្លាយធុងហ្គាស នៃរោងចក្រផលិតទឹកកកបានទាំងស្រុង ហើយ បន្ទាប់ពីជះក្លិនជាតិអាម៉ូញាក់ នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបណ្តាលឲ្យជនរងគ្រោះ៤នាក់ មានមន្រ្តីនគរបាលពន្លត់អគ្គិភ័យ២នាក់ និងកម្មករ២នាក់ បានដួលសន្លប់។
លោក គង់ គារ អធិការរងនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា «នៅពេលនេះស្ថានការណ៍ អាចគ្រប់គ្រងបានហើយ សម្រាប់គ្រោះថ្នាក់មួយនេះ ដែលបណ្តាលឲ្យមន្រ្តីនគរបាលរបស់យើង២នាក់ សន្លប់ និងកម្មករ២នាក់ទៀត តែជួយសង្គ្រោះទាន់»។
មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយគ្រប់គ្រងស្ថានការណ៍បានហើយ ថៅកែស្រី និងមេកា ត្រូវបានសមត្ថកិច្ចកោះហៅទៅសួរនាំ នៅប៉ុស្តិនគរបាលបឹងទំពន់ ដើម្បីមានចំណាត់ការបន្តទៀត ចំពោះការធ្វេសប្រហែសនាំឲ្យបែកធ្លាយធុងហ្គាសនេះ។
ប្រជាពលរដ្ឋ បានរិះគន់ដល់អាជ្ញាធរខណ្ឌមានជ័យ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធ ដែលមិនបានត្រួតពិនិត្យ ចំពោះដំណើរការរោងចក្រ ផលិតទឹកកកមួយនេះ រហូតធ្លាយធុងហ្គាសភាយចេញឧស្ម័នពុល ប៉ះពាល់ដល់ប្រជាពលរដ្ឋ។
បើតាមមន្រ្តីនគរបាល ថៅកែស្រីមានឈ្មោះ អ៊ុក ណាវី អាយុ៣៤ឆ្នាំជនជាតិវៀតណាម មុខរបរថៅកែផលិតទឹកកកដើមតូចស្នាក់នៅផ្ទះលេខគ្មានផ្លូវលេខ៣៧១ ស្ថិតនៅភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័ បានថ្លែងថា ករណីធ្លាយឧស្ម័ន អាម៉ូញ៉ាក់ របស់សិប្បកម្មផលិតទឹកកក ដែលមានទីតាំងក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានបណ្តាលឲ្យ ក្រុមការងារពន្លត់បង្កាអគ្គីភ័យត្រូវរងរបួសធ្ងន់២នាក់ និងរបួសស្រាល២នាក់ កម្មកររងបួសស្រាល៣នាក់ ដោយសារស្រូបក្លិនអាម៉ូញាក់ចូលផ្លូវដង្ហើមវាអាចប៉ះពាល់សួតខ្លាំងបំផុត ។
ក្នុងនោះក៏ឃើញវត្តមានលោក ចាន់ បូរិន អគ្គនាយកស្តង់ដាកម្ពុជា និងក្រុមការងារក៏ចុះមកពន្យល់ពីបញ្ហាឩស្ម័ន ក្នុងការពន្លត់ឩស្ម័នអាម៉ូញ៉ាក់នេះផងដែរ។
សម្រាប់ប្រតិបត្តិការវិញ នាយកដ្ឋានពន្លត់បង្កាអគ្គីភ័យប្រើប្រាស់ឡានទឹក១១គ្រឿងជាបឋម ឡានអាវុធហត្ថរាជធានីចំនួន៣គ្រឿង បញ្ហាអ្នករងរបួសបានបញ្ជូនទៅពេទ្យរស្ស៉ី ប្រជាពលរដ្ឋរស់នៅក្បែរខាងអាជ្ញាធរបានជម្លៀសចេញពីផ្ទះនៅពេលកើតហេតុនោះផងដែរ៕