(ភ្នំពេញ)៖ តាមរយៈព្រះរាជសារលិខិត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលកោតសរសើរដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះលទ្ធផលនៃការបំពេញទស្សនកិច្ចការងារ នៅប្រទេសឥណ្ឌូណេស៊ី និងទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ។

ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រនៃកម្ពុជា មានខ្លឹមសារដូច្នេះថា «ខ្ញុំបានទទួលរួចហើយនូវសេចក្តីក្រាបបង្គំទូលថ្វាយ នូវរបាយការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពីលទ្ធផលនៃការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋឥណ្ឌូណេស៊ី និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅបំផុត និងសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ-ចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងដ៏ឆ្នើមបំផុត ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូណេស៊ី និងរវាងកម្ពុជា-ទីម័រឡេស្តេ កាន់តែល្អប្រសើរស៊ីជម្រៅ ព្រមទាំងបានលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុទ្វេភាគី ដែលរួមចំណែក ដល់ការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក ក៏ដូចជាលើកកម្ពស់កិត្យានុភាព ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែខ្ពស់ឡើងនៅលើឆាកអន្តរជាតិ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ»៕