(បន្ទាយមានជ័យ)៖ តុលាការ និងសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំរួមមួយរវាងកម្លាំងប្រដាប់ ជុំវិញបញ្ហាប្រឈម និងដំណោះស្រាយ ក្នុងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក ជឺ សុខ ប្រធានសាលាដំបូងខេត្ត លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថ។
លោក ជឺ សុខ ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាខេត្ត បានថ្លែងថា កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងគោលបំណង រកឲ្យឃើញបញ្ហាប្រឈមនានា មកដោះស្រាយដើម្បីឲ្យដំណើរការអនុវត្តច្បាប់ព្រហ្មទណ្ឌ និងច្បាប់ដទៃទៀត លើការបង្រ្កាបបទល្មើសរបស់នគរបាលយុត្តិធម៌ បានល្អប្រកបដោយភាពជោគជ័យ ដូចនេះសូមឲ្យកម្លាំងប្រដាប់អាវុធ បើមានបញ្ហាអ្វីត្រូវធ្វើការលើកឡើងយកមកពិភាក្សាដោះស្រាយទាំងអស់គ្នា ដើម្បីឲ្យដំណើរការ បង្ក្រាបបទល្មើស ការកសាងសំណុំរឿងប្រព្រឹត្ត ទៅកាន់តែប្រសើរថែមទៀត។
សូមបញ្ជាក់ថា បញ្ហា និងដំណោះស្រាយ ដែលត្រូវប្រជុំពិភាក្សាក្នុងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធ រួមមាន ការស៊ើបអង្កេត (ជាក់ស្តែង និងបឋម) ការឃាត់ខ្លួនរាយការណ៍ពីបទល្មើសផ្សេងៗ ការឃាត់ខ្លួនបញ្ជូនវត្ថុចាប់យក ព្រមទាំងការសំណូមពរនានាផងដែរ៕