(សៀមរាប)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
សិក្ខាសាលានេះរៀបចំឡើងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងអគ្គលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងសហគ្រាសសាធារណៈ កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មន្ទីរពិសោធន៍សំណង់ និងសាធារណការ និងតំណាងមន្ទីរ រាជធានី-ខេត្ត ក្រោមឱវាទក្រសួង។
គោលបំណងដើម្បីពិនិត្យពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានសុក្រឹតភាព មានភាពគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព អនុលោមតាមច្បាប់ បទដ្ឋានគតិយុត្ត ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្លែងក្នុងកម្មវិធីបិទសិក្ខាសាលា លោកស្រី កុយ សុដានី បានវាយតម្លៃ និងបូកសរុបលទ្ធផលដែលទទួលបាន ដើម្បីពិនិត្យពិចារណាកែលម្អសេចក្តីព្រាងគោលការណ៍ណែនាំ សំដៅធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព និងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។
សូមជម្រាបជូនថា សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២២ ខែឧសភា ឆ្នាំ២០២៥ ដោយអញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាដោយលោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានទី១ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕