(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាត ដល់គណៈប្រតិភូខេត្តតៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក ង្វៀន វ៉ាន់វិញ ប្រធានគណៈកម្មាធិការប្រជាជន ខេត្តតៀនយ៉ាង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចនៅលើទឹកដីនៃខេត្តពោធិ៍សាត់ ដើម្បីរឹតចំណងសាមគ្គីភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយបង្កើនការទំនាក់ទំនងមិត្តភាព រវាងសមាគមអតីតយុទ្ធជនខេត្តយើងទាំងពីរ ពោធិ៍សាត់-តៀនយ៉ាង។

ក្នុងជំនួបបដិសណ្ឋារកិច្ច និងពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ សាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងគណៈកម្មាធិការ ស.អ.ក ខេត្ត ព្រមទាំងគណៈប្រតិភូខេត្តតៀនយ៉ាងមួយចំនួនទៀត។

លោក ង្វៀន ​វ៉ាន់វិញ ប្រធានគណៈកម្មាធិការប្រជាជន ខេត្តតៀនយ៉ាង បានថ្លែងថា ជំនួបថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការ រវាងខេត្តតៀនយ៉ាង និងខេត្តពោធិ៍សាត់ ជាពិសេសបង្កើនទំនាក់ទំនងមិត្តភាព រវាងសមាគមអតីតយុទ្ធជន ដោយឈរលើស្មារតីកិច្ចសហការ រវាងប្រទេសទាំងពីរ «វៀតណាម-កម្ពុជា» យ៉ាងល្អប្រសើរ នេះជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ ដល់ចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង ទាំងការដឹកនាំ និងការអភិវឌ្ឍ។ លោកបានបន្តថា ខេត្តយើងទាំងពីរ តែងតែពង្រឹង និងពង្រីកការលើកកម្ពស់ទំនាក់ទំនងឱ្យរីកចម្រើន ដល់កម្រិតខ្ពស់ថ្មីបន្ថែមទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដ សម្រាប់ប្រជាជន រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿង ស្របទៅនឹងបាវចនា នៃការទំនាក់ទំនងប្រទេសទាំងពីរ ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

ក្នុងឱកាសនោះគណៈប្រតិភូ សូមគោរពជូនពរ លោក ខូយ រីដា ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត បានសម្តែងនូវការស្វាគមន៍ដោយសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូខេត្តតៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកទស្សនកិច្ចនៅលើទឹកដីនៃខេត្តពោធិ៍សាត់។ លោកបានលើកឡើងថា ការទំនាក់ទំនងមិត្តភាពរវាងសមាគមអតីតយុទ្ធជនខេត្តទាំងពីរ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៩ បានបំពេញទស្សកិច្ចទៅវិញទៅមក ប៉ុន្តែចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ប្រទេសយើងទាំងពីរ ទទួលរងនៃការរីករាលដាលជាសកលជំងឺកូវីដ១៩ មិនបានជួបពិភាក្សាការងារដោយផ្ទាល់ ប៉ុន្តែទំនាក់ទំនងតាមរយៈប្រព័ន្ធឌីជីថលជំនួសវិញ។ ក្រោយពីស្ថានភាពល្អប្រសើរឡើងវិញនោះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំគណប្រតិភូ ចំនួន១៨រូប ដឹកនាំដោយលោកអភិបាលរងខេត្ត ទៅបំពេញទស្សកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ ការងារអតីតយុទ្ធជន នៅខេត្តតៀនយ៉ាង នាអំឡុងឆ្នាំ២០២៤ និងបន្តទស្សកិច្ចទៅវិញទៅមក ក្នុងគោលបំណងសិក្សាស្រាវជ្រាវ ចែករំលែកបទពិសោធន៍នានា កាន់តែទូលំទូលាយ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងខេត្ត យើងទាំង២ (ពោធិ៍សាត់-តៀនយ៉ាង) ជាបងប្អូនល្អ និងជាប្រទេសដែលមានភូមិផងរបងជាប់គ្នា។

លោកអភិបាលខេត្ត បានលើកឡើងថា ខេត្តពោធិ៍សាត់មិនអាចបំភ្លេចបាន នូវគុណបំណាច់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាពលីជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងនោះក៏មានកងទ័ពស្ម័គ្រចិត្ត របស់ខេត្តតៀនយ៉ាងផងដែរ។ លោកសូមឆ្លៀតយកឱកាសនេះ ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រទេស ឱ្យកាន់តែមានការរីកចម្រើន និងជីវភាពប្រជាជន ឱ្យកាន់តែមានភាពធូរធារថែមមួយកម្រិតទៀត និងសំដៅចូលរួមចំណែកសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ខូយ រីដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ង្វៀន វ៉ាន់វិញ ប្រធានគណៈកម្មាធិការប្រជាជន ខេត្តតៀនយ៉ាង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និងគណៈកម្មាធិការប្រជាជនខេត្តតៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកទស្សនកិច្ចនៅលើទឹកដីនៃខេត្តពោធិ៍សាត់ សូមជួបប្រទះ នូវពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕