(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានចាត់ទុកគោលនយោបាយសាធារណៈនិងច្បាប់ ជាបុរេលក្ខខណ្ឌមួយក្នុងការដឹកនាំសម្រាប់ក្រសួងនាពេលអនាគត។
ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពិភាក្សាអំពីដំណើរការតាក់តែងច្បាប់ និងគោលនយោបាយរបស់ក្រសួងសំរាប់អនុវត្តស្របតាមបរិបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយក្រុមការងារច្បាប់ និងគោលនយោបាយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង។
ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តនិងជំរុញដល់ថ្នាក់ដឹកនាំក្រសួងឱ្យកាន់តែសកម្ម និងចេះចូលរួមឈឺឆ្អាលក្នុងកិច្ចការរបស់ក្រសួង ដែលមិនគ្រាន់តែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចូលរួមជាគំនិតយោបល់ក្នុងការអនុវត្តកិច្ចការផ្សេងទៀតជាប្រយោជន៍របស់ក្រសួង ដូចជាការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាដើម ហើយត្រូវយល់ឱ្យបានច្បាស់ពីគោលការណ៍ និងគោលនយោបាយរបស់ក្រសួង ក្នុងគោលដៅរួមគ្នាធ្វើឱ្យសង្គមជាតិផ្លាស់ប្ដូរផ្នត់គំនិតកាន់តែប្រសើរជាងមុន។
លោក បានបន្ថែមថា តាមរយៈការជួបប្រជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សានិងតាមដានដំណើរការតាក់តែងច្បាប់ និងគោលនយោបាយរបស់ក្រសួង ដើម្បីឱ្យប្រាកដថាក្រសួងរៀបចំដែនដី បានត្រៀមលក្ខណៈរួចរាល់ ដើម្បីរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសនានា សម្រាប់ដំណើរការដោយរលូនលើវិស័យជំនាញរបស់ខ្លួនសំរាប់អនុវត្តនាពេលខាងមុខ។
សូមជម្រាបថា ក្នុងរយៈពេលជាង១១ឆ្នាំមកនេះ គឺចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី បានអភិវឌ្ឍនូវលិខិតបទដ្ឋានគតិយុត្តិចំនួន២៣៥ មានគោលនយោបាយ៤, ច្បាប់១, ព្រះរាជក្រឹត្យ៤, អនុក្រឹត្យ៣០, ប្រកាសអន្តរក្រសួង១៥, សេចក្តីសម្រេច១៤០, សារាចរ៤ និងសេចក្តីណែនាំចំនួន១១ ក្រៅពីនេះក៏នៅមានលិខិតបទដ្ឋានគតិយុត្តិចំនួន៤០ទៀត ដែលជាការងារចំពោះមុខដែលត្រូវរួមគ្នាធ្វើផងដែរ៕