(គូឡាឡាំពួ-ម៉ាស៉ី)៖ តបតាមការអញ្ជើញរបស់លោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) លើកទី២ និងកិច្ចប្រជុំកំពូលអាស៊ាន-GCC-ចិន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦ ដល់២៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិយាប័្នន និងនិរន្តភាព»។
កិច្ចប្រជុំជាបន្តបន្ទាប់នេះ ក៏នឹងរួមមានជំនួបរវាងប្រមុខ/រដ្ឋាភិបាលអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) ជំនួបរវាងប្រមុខ/រដ្ឋាភិបាលអាស៊ានជាមួយតំណាងយុវជនអាស៊ាន និងជំនួបរវាងប្រមុខ/រដ្ឋាភិបាលអាស៊ានជាមួយតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) ផងដែរ។
បន្ថែមលើនេះ អគ្គលេខាធិការអាស៊ានក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលតំបន់កំណើនអាស៊ានបូព៌ារវាងព្រុយណេ-ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ហ្វីលីពីន (BIMP-EAGA) លើកទី១៦ និងកិច្ចប្រជុំកំពូលត្រីកោណកំណើនរវាងឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) លើកទី១៦ ផងដែរ។
នៅមុនពេលកិច្ចប្រជុំកំពូលទាំងនេះ លោកបណ្ឌិត កៅ គឹមហួន ក៏នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៩ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ផងដែរ។
អគ្គលេខាធិការអាស៊ាន ក៏គ្រោងមានជំនួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់មកពីអាស៊ាន ប្រទេសដៃគូខាងក្រៅរបស់អាស៊ាន ព្រមទាំងជាមួយអង្គការអន្តរជាតិនានាផងដែរ ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ ជុំវិញការជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រិះរកវិស័យសហការថ្មីៗ និងបង្កើនកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
នៅក្នុងឱកាសនោះផងដែរ លោកបណ្ឌិត កៅ គឹមហួន ក៏នឹងផ្តល់កិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការទូតអាស៊ាន ការមើលឃើញអាស៊ានឱ្យកាន់តែច្បាស់ និងការយល់ដឹងអំពីអាស៊ាន។
កិច្ចប្រជុំកម្រិតខ្ពស់ជាបន្តបន្ទាប់នេះ នឹងផ្តល់ឱកាសដើម្បីពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពរបស់អាស៊ាន កំណត់ទិសដៅអនាគត និងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់អាស៊ាន ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ជាពិសេស នៅពេលដែលអាស៊ានចាប់ផ្តើមជាមួយនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាចក្ខុវិស័យរយៈពេល ២០ឆ្នាំ ជាប្រវត្តិសាស្ត្ររបស់អាស៊ាន៕