(ហ្សឺណែវ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានឡើងថ្លែងបទអន្តរាគមន៍ នៅចំពោះរដ្ឋសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពអង្គការសុខភាពពិភពលោក លើកទី៧៨ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្ដីថ្លែងបទអន្តរាគមន៍នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦៖៤០នាទីរសៀល នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ត្រូវនឹងម៉ោង ២១៖៤០នាទីយប់ ម៉ោងនៅកម្ពុជា លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានសម្ដែងនូវសេចក្តីរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបានដោយជោគជ័យនៃកិច្ចព្រមព្រៀងស្ដីពីជំងឺរាតត្បាត ដែលនេះគឺជាលទ្ធផលនៃការចរចាដ៏យូរអង្វែង និងការប្ដេជ្ញារួមគ្នាគាំទ្រយ៉ាងមុតមាំតាំងពីដើមមក។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «ពិភពលោកយើងទាំងមូល បានឈានដល់វិបត្តិនៃការប្រឈមនឹងហានិភ័យ និងការគំរាមកំហែងដ៏ធំធេង ដែលមិនមែនជាបញ្ហារបស់ប្រទេសណាមួយផ្តាច់មុខនោះទេ។ ប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថា មានតែអំណាចនៃការរួបរួមសាមគ្គី និងការឆ្លើយតបរួមគ្នាប៉ុណ្ណោះទេ ដែលអាចធ្វើឲ្យយើងមានសមត្ថភាពក្នុងការការពារ និងប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាព។ នៅកម្ពុជា សារៈសំខាន់នៃការសហការរួមគ្នានេះ ត្រូវបានទទួលស្គាល់យ៉ាងជ្រាលជ្រៅ។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលយើងបានសម្រេចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង គឺជាលទ្ធផលដ៏អស្ចារ្យមួយនៃកិច្ចសហការយ៉ាងរឹងមាំ រវាងចក្ខុវិស័យជាតិដ៏មោះមុត និងការរួមចំណែកយ៉ាងមានតម្លៃរបស់ដៃគូមិត្តអន្តរជាតិ»។

រដ្ឋមន្ដ្រីសុខាភិបាលបានគូសបញ្ជាក់ថា «គោលការណ៍នេះ ក្លាយជាមគ្គុទេសន៍សម្រាប់យើងក្នុងការរួបរួមគ្នាឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលកំពុងកើតមានឡើង។ ខណៈដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាជាប់ជំពាក់គ្នា ដូច្នេះ យើងគប្បីជ្រើសរើសយុទ្ធសាស្ត្រប្រតិកម្មតបតនឹងវិបត្តិសង្គមដោយការបង្រួបបង្រួម និងភាពចុះសម្រុងគ្នា។«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងទាក់ទងទៅនឹងជំងឺរាតត្បាត នឹងផ្តល់ជាមាគ៌ាដ៏សំខាន់ដល់ការបង្កើតសម្ព័ន្ធភាពអន្តរជាតិជាសហភាតរៈ និងសាមគ្គីភាព ដែលនឹងជាមូលដ្ឋានគ្រឹះក្នុងការផ្ដល់ដំណោះស្រាយដ៏មានប្រសិទ្ធភាព និងអចិន្ត្រៃយ៍សម្រាប់អនាគត»។

ចំពោះការវាយតម្លៃចុងក្រោយលើរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បានបង្ហាញពីភាពយឺតយ៉ាវក្នុងការអនុវត្ត។ នៅក្នុងយុគសម័យដែលកិច្ចសហប្រតិបត្តិការពហុភាគីប្រឈមមុខនឹងភាពស្មុគស្មាញ និងហាក់មានភាពចុះខ្សោយ យើងត្រូវទទួលស្គាល់ថាការរួមបញ្ចូលកម្រិតសកលគឺជាផ្លូវមួយតែមូយគត់ ដែលអាចធ្វើទៅបាន ដើម្បីជាការឆ្លើយតបដ៏រឹងមាំ និងអាចរកឃើញដំណោះស្រាយយូរអង្វែង។ លោករដ្ឋមន្ដ្រីបានថ្លែងទៀតថា នៅកម្ពុជាបានប្រឈមមុខនឹងការលំបាកដោយធនធានមានកំណត់។ ប៉ុន្តែសព្វថ្ងៃយើងបានជ្រើសរើសយកបញ្ហាសុខភាពធ្វើជាគោលដៅអាទិភាពក្នុងការអភិវឌ្ឍជាតិ ប្រព័ន្ធថែទាំសុខភាពរបស់យើង បានឈានទៅរកការរីកចម្រើន និងជំរុញសុខុមាលភាពសង្គមឱ្យឈានដល់ចំណុចដែលរំពឹងទុក។ យើងមិនអាចថយក្រោយបានទេ។ ផ្ទុយទៅវិញ យើងត្រូវរួមគ្នាឈានទៅរកភាពរីកចម្រើន ដោយបង្កើតយុទ្ធសាស្ត្រដែលលើកស្ទួយសុខភាព ឲ្យក្លាយជាកម្លាំងសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសុខមាលភាពសង្គមជាតិទាំងមូល។

នេះជាការអំពាវនាវជាបន្ទាន់របស់យើង ដើម្បីសម្រេចបាននូវគោលដៅ «សុខភាពមួយក្នុងពិភពលោកតែមួយ ឬពិភពលោកមួយសម្រាប់សុខភាព» ដែលយើងជាអ្នកមានកាតព្វកិច្ចចំពោះប្រជាជនពលរដ្ឋយើង ជាពិសេសអ្នកដែលងាយរងហានិភ័យបំផុត ដើម្បីរក្សាមូលដ្ឋានគ្រឹះនៃសុខភាពសម្រាប់ជនរួមជាតិរបស់យើង។ការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង២០៖៥០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព» “One World for Health” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ។

ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចូលរួមធ្វើបទអន្តរាគមន៍នៅចំពោះមុខរដ្ឋជាសមាជិកដែលមកពីគ្រប់បណ្តាប្រទេសលើសកលលោក អំពីសមិទ្ធិផលធំៗដែលសុខាភិបាលកម្ពុជាសម្រេចបានថ្មីៗនេះបន្ថែមទៀត រួមទាំងផែនការអាទិភាពសុខាភិបាល ដែលដាក់ទិសដៅសំដៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage Roadmap, UHC) ដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពបឋម (Primary Health Care Enhancement) សម្រាប់ប្រជាជនកម្ពុជា ពោលគឺ «មិនទុកចោលនរណាម្នាក់មិនទទួលបានការថែទាំសុខភាពនោះឡើយ»។

បន្ថែមពីនេះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីជាមួយ នាយកអង្គការសុខភាពពិភពលោក ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងប្រធានអង្គការអន្តរជាតិផ្នែកសុខភាពមួយចំនួន ពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម សម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចអាទិភាពសុខាភិបាល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គូសរំលេចដែរថា មហាសន្និបាតអង្គការសុខភាពពិភពលោក គឺជាវេទិកាពិភពលោកមួយ ដែលបណ្តារដ្ឋជាសមាជិក នៃអង្គការសុខភាពពិភពលោក ចូលរួមពិនិត្យពិភាក្សា ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងសម្រេចការងារពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាជនជាសកល។ មហាសន្និបាតសុខភាពត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់សុខាភិបាល នៃរដ្ឋសមាជិក របស់អង្គការសុខភាពពិភពលោក ផ្តោតលើរបៀបវារៈសុខភាព ដែលរៀបចំឡើងដោយក្រុមប្រឹក្សាប្រតិបត្តិ សម្រាប់ដាក់ជូនមហាសន្និបាតពិនិត្យពិភាក្សា និងសម្រេច៕