(ភ្នំពេញ)៖ រឿងកាន់តែធ្ងន់ធ្ងរហើយ ចំពោះករណីធ្លាយធុងហ្គាស រោងចក្រផលិតទឹកកក នៅខាងមុខផ្សារ PC សង្កាត់បឹងទំពន់ ខណ្ឌមានជ័យនោះ បានបណ្តាលឲ្យភាយចេញឧស្ម័នពុលធំក្លិនយ៉ាងខ្លាំង នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសិស្សសាលានៅក្បែរនោះផងដែរ។
លោក គង់ គារអធិការរងនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា នៅពេលនេះ មន្រ្តីនគរបាលម្នាក់ទៀតហើយ បានសន្លប់ ហើយក្លិនឧស្ម័ន កាន់តែភាយ នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្បែរនោះ ដូច្នេះសូមឲ្យប្រជាពលរដ្ឋ សូមចាកចេញសិន ខណ:កម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងជួយអន្តរាគមន៍។
សូមបញ្ជាក់ថា ធុងហ្គាសរបស់រោងចក្រផលិតទឹកកក ដែលមានទីតាំងស្ថិតនៅខាងមុខផ្សារ PC សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានបែកធ្លាយ បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ និងក្រុមអាជីវករនៅក្នុងផ្សារពីគ្រោះអគ្គិភ័យ នាវេលាម៉ោងជាង១០នាក់ ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក គង់ គារ អធិការរងនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ករណីនេះបានបណ្តាលឲ្យកម្មករ ២នាក់ សន្លប់បាត់ស្មារតី នៅពេលចូលទៅបិទធុងហ្គាស ដែលបែកធ្លាយនោះ ហើយត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ៕