(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជា ជាប្រទេសដែលងាយរងគ្រោះជាខ្លាំងដោយការប្រែប្រួលអាកាសធាតុ កំណើនសីតុណ្ហភាព រលកកម្តៅ ប៉ុន្តែកម្ពុជាតែងផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពពហុភាគីលើការដោះស្រាយការប្រែប្រួលអាកាសធាតុ និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសាកល ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសលោកបណ្ឌិត រួមជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូត EU ប្រចាំនៅកម្ពុជា និងលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាព ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣» នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា យើងប្តេជ្ញាយ៉ាងមោះមុតក្នុងការដឹកនាំ ប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគតដែលមានការអភិវឌ្ឍប្រកបដោយចីរភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងមានតុល្យភាពបរិស្ថាន។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ យើងបានបង្កើតមូលដ្ឋានគ្រឹះ ដើម្បីជាគំរូនៃការអភិវឌ្ឍឆ្ពោះទៅថាមពលកកើតឡើងវិញ ការពង្រឹងបទប្បញ្ញត្តិបរិស្ថាន និងការរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់យើង។
លោកបណ្ឌិត អ៊ាង សុផល្លែត បានអះអាងថា ក្រមបរិស្ថាន និងធនធានធម្មជាតិ ផ្តល់ជាមូលដ្ឋានគ្រឹះមួយនៃការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន កិច្ចការពារជីវៈចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់វប្បធម៌នៃការរស់នៅប្រកបដោយនិរន្តរភាពក្នុងចំណោមប្រជាពលរដ្ឋយើង ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលមានបរិស្ថានរូបវន្ត និងធម្មជាតិ ប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅប្រកបដោយផាសុកភាព ដោយផ្តោតសំខាន់ ចំពោះសន្តិសុខថាមពល ការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់ប្រកបដោយ ប្រសិទ្ធភាព ការកសាងប្រព័ន្ធបន្ស៊ាំរឹងម៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើសសរស្តម្ភទាំង៣ សំដៅលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជា តាមរយៈការតម្រង់ទិស និងការជំរុញការអនុវត្តសកម្មភាពនានា ដើម្បីធ្វើឱ្យកម្ពុជាមានភាពស្អាតជាងមុន បៃតងជាងមុន និងចូលរួមសម្រេចគោលដៅ ដែលជាសេចក្តីប្រាថ្នាដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គឺការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា៖ «កម្ពុជាបានទទួលស្គាល់ថាការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែង និងជាវិបត្តិដ៏ធំបំផុតមួយក្នុងសម័យកាលយើងនេះ ដែលបណ្តាលឱ្យមានផលប៉ះពាល់មកលើសុខុមាលភាព និងសុខភាពនៃភពផែនដី។ ទោះបីជាប្រទេសកម្ពុជា ជាប្រទេសដែលងាយរងគ្រោះជាខ្លាំងដោយការប្រែប្រួលអាកាសធាតុ កំណើនសីតុណ្ហភាព រលកកម្តៅ ធ្វើឱ្យប៉ះពាល់ និងកាត់បន្ថយផលិតភាពក្នុងវិស័យកសិកម្ម ជលផល និងព្រៃឈើ និងផលិតភាពការងារនៅគ្រប់វិស័យ មិនតែប៉ុណ្ណោះកំណើននៃការខូចខាតបណ្តាលពីព្រឹត្តិការណ៍នេះ កាន់តែធ្ងន់ធ្ងរឡើងៗ ដែលប៉ះពាល់ដល់ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក៏ពិតមែន ប៉ុន្តែកម្ពុជាតែងផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពពហុភាគីលើការដោះស្រាយការប្រែប្រួលអាកាសធាតុ និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសាកល ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ»។
កម្ពុជាយល់ពីភាពបន្ទាន់នៃចំណាត់ការប្រកបដោយមហិច្ឆតាលើបញ្ហាអាកាសធាតុ ហើយមានគោលបំណងផ្តល់នូវការដឹកនាំ តាមរយៈការផ្តល់ជាគំរូ ស្របតាមសមត្ថភាព និងការទទួលខុសត្រូវរបស់យើង អនុលោមតាមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ រដ្ឋាភិបាលបានគាំទ្រដល់កិច្ចប្រឹងប្រែងជាសកល ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការក្លាយខ្លួនជាភាគីមួយនៃអនុសញ្ញា UNFCCC ចាប់តាំងពីឆ្នាំ១៩៩៦ មក ហើយយើងក៏បានអនុម័ត និងផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ផងដែរ។