(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតជូន លោក តូ លឹម អគ្គលេខាធិការ បក្សកុម្មុយនីស្តវៀតណាម ដោយចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ជិន ឌឹក លឿង។

លោក ជិន ឌឹក លឿង គឺជាអតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណភាព នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៨ឆ្នាំ។

តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយជាខ្លាំង បន្ទាប់ពីបានទទួលដំណឹងពីការទទួលមរណភាពរបស់អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមរូបនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឯកឧត្តម ជិន ទឹក លឿង នឹងត្រូវបានចងចាំជារៀងរហូតជាអ្នកដឹកនាំមួយរូបដែលបាន លះបង់ស្ទើរតែពេញមួយជីវិតរបស់ ឯកឧត្តម ក្នុងការបម្រើប្រទេសជាតិជាទីស្រឡាញ់របស់ខ្លួន ដោយ បានរួមចំណែកគួរឱ្យកត់សម្គាល់ដល់វឌ្ឍនភាពសង្គមនិងទំនើបកម្មនៃប្រទេសវៀតណាម និងជាមិត្តដ៏ ពិតប្រាកដនិងយូរអង្វែងរបស់កម្ពុជា និងជាឥស្សរជនដ៏សំខាន់មួយរូប ក្នុងការកសាងមិត្តភាពដ៏ជិត ស្និទ្ធ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសជាតិ និងប្រជាជនយើងទាំងពីរ»

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចតេជោ សូមចូលរួមនូវសមាន ចិត្តដ៏ជ្រាលជ្រៅ និងរំលែកទុក្ខដ៏សែនក្រៀមក្រំ ចំពោះ លោក តូ លឹម រដ្ឋាភិបាល រដ្ឋសភា និងប្រជាជន វៀតណាម ជាពិសេសក្រុមគ្រួសារនៃសពចំពោះការបាត់បង់ដ៏ធំធេងនេះ និងបានបួងសួងឱ្យវិញ្ញាណក្ខន្ធ លោក ជិន ឌឹក លឿង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕