(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ ជាព្រះវិន័យធរគណស្តីទី ខេត្តកំពង់ស្ពឺ បានផ្តល់អំណោយមនុស្សធម៌ និងថវិកាមួយចំនួន តាមរយៈលោក មុត ភន អភិបាលស្រុកសំរោងទង ដើម្បីសម្រួលដល់ការ ខ្វះខាត ឬជួបគ្រោះមហន្តរាយជាយថាហេតុផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបានថ្លែងនូវអំណរព្រះគុណ និងកោតសរសើរនូវទឹកព្រះទ័យរបស់ព្រះរតនសោភ័ណ ម៉ន បឿន ដែលបានចូលរួមឧបត្ថម្ភថវិកា មី និងទឹកសុទ្ធដល់រដ្ឋបាលខេត្ត សម្រាប់គាំទ្រការងារមនុស្សធម៌ ដែលសរបញ្ជាក់ឱ្យឃើញពីកាយវិការប្រកបដោយសប្បុរស និងភាពមិនអាចខ្វះបាន នូវការរួមចំណែកនៃវិស័យពុទ្ធចក្រ ចូលរួមជាមួយវិស័យអាណាចក្រ ក្នុងកិច្ចការដោះស្រាយបញ្ហាសង្គម។
លោកបានបញ្ជាក់ថា រដ្ឋបាលស្រុកនឹងយកអំណោយ ដែលបានផ្ដល់ជូននេះ ទៅប្រើប្រាស់បម្រើឱ្យសកម្មភាពនានា និងការងារសង្គម ជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន ស្របតាមអនុសាសន៍ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលទោះជាក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់ បរិភោគនោះឡើយ។
ទន្ទឹមនេះ ជាមួយនិងការថ្លែងអំណរព្រះគុណនូវទឹកព្រះទ័យ ដ៏សប្បុរសនេះ លោកស្រុក ក៏បានបង្ហាញនូវសេចក្ដីសង្ឃឹមជឿជាក់ថា ព្រះតេជគុណព្រះសង្ឃ គ្រប់ព្រះអង្គ និងទីអារាមក្នុងខេត្តនឹងបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកធ្វើឱ្យកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន កាន់តែទទួលបានជោគជ័យ និងទប់ស្កាត់បានជាបន្តទៀត មិនឱ្យមានប្រជាពលរដ្ឋឆ្លងនូវជំងឺរាតត្បាតនេះ៕