(ភ្នំពេញ)៖ លោកស្រី អ៊ិន សាផន ចៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលបានពានរង្វាន់លេខ៣ ទូទាំងប្រទេស ជាស្ដ្រីឆ្នើមក្នុងការដឹកនាំនៅមូលដ្ឋាន ក្រោមគម្រោង «ការអនុវត្តគម្រោងសេវាសង្គម» ពីសម្ព័ន្ធជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ លោកស្រី អ៊ិន សាផន បានឲ្យដឹងថា ការទទួលបានពានរង្វាន់នេះ ដោយសារតែសង្កាត់ស្រះចក អនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់សេវាសង្គម ទៅដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបានល្អ និងមានការកោតសរសើរ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បន្ថែមពីនោះទៀត លោកស្រី អ៊ិន សាផន បានគូសបញ្ជាក់ថា ការទទួលពានរង្វាន់នេះ គឺមានការចូលរួមចំណែក ពីក្រុមប្រឹក្សា និងមេភូមិ ព្រមទាំងក្រុមការងារទាំងអស់ នៅក្នុងសង្កាត់ស្រះចក ជាពិសេសស្ដ្រីដែលទទួលបន្ទុក ខាងសេវាសង្គម ដែលគាត់ជាអ្នកធ្វើអនុវត្ដផ្ទាល់។
លោកស្រី អ៊ិន សាផន ចៅសង្កាត់ស្រះចក បានបេ្ដជ្ញាចិត្ដ នឹងបន្ដធ្វើសេវាសង្គម ឲ្យបានកាន់តែល្អ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងប្ដេជ្ញាជួយដោះស្រាយរាល់បញ្ហា ជូនដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបានកាន់តែឆាប់រហ័ស។
លោកស្រី អ៊ិន សាផន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានបេ្ដជ្ញាចិត្ត ធ្វើការងារសេវាសង្គម ឲ្យបានកាន់តែប្រសើរឡើង ដើម្បីបម្រើប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហា ដែលពួកគេកំពុងប្រឈមមុខ។ ខ្ញុំនឹងបន្តធ្វើការដោយស្មោះត្រង់ ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់រាជរដ្ឋាភិបាល»។
គូសបញ្ជាក់ថា ពានរង្វាន់ដែលចៅសង្កាត់ស្រះចក ទទួលបានខាងលើនេះ ក្នុងការប្រកួតប្រជែងកម្មវិធីពានរង្វាន់ស្ត្រីឆ្នើម ក្នុងការដឹកនាំនៅមូលដ្ឋាននៃ «គម្រោងភាពជាដៃគូ សម្រាប់គំនិតច្នៃប្រឌិតរបស់ទីក្រុង លើការដឹកនាំរបស់ស្ត្រីនៅមូលដ្ឋាន» ដែលរៀបចំដោយសម្ព័ន្ធជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន៕