(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាស សាលក្រមលើសំណុំរឿង លោក សម រង្ស៉ី ចោទសម្តេចតេជោទិញ Like ក្លែងក្លាយ នៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះតែម្តង។ នេះបើតាមការបញ្ជាក់ពីមន្រ្តីតុលាការក្រុងភ្នំពេញ។
សវនាការលើសំណុំរឿង លោក សម រង្ស៉ី នៅព្រឹកមិញនេះ ដឹកនាំដោយ លោក អ៉ឹម វណ្ណៈ ដែលជាចៅក្រមជំនុំជម្រះ។ ក្នុងសវនាការនោះ លោក សោម សឿន ដែលជាម្ចាស់បណ្តឹងតំណាងសម្តេចតេជោ ហ៊ុន សែន ស្នើឱ្យតុលាការផ្តន្ទាទោស លោកសម រង្ស៊ី តាមច្បាប់និង ទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល។ ចំណែក តំណាងអយ្យការក៏សន្និដ្ឋាន តម្កល់បទចោទប្រកាន់នេះ ទុកជាបានការដដែល។
គួររំឮកថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក សោម សឿន អាយុ៦៤ឆ្នាំ ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដោយភ្ជាប់ការបង្ហោះផ្សាយព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។
ក្នុងពាក្យបណ្ដឹង បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅលើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី (Sam Rainsy) បានបង្ហោះអត្ថបទ ដែលមានខ្លឹមសារមូលបង្កាច់ខុសពីការពិត ដែលចោទប្រកាន់ លោក សោម សឿន ថា បានណែនាំដល់មន្ត្រី អ្នកគាំទ្រ និងបណ្តាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិសនិងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការ Like សិប្បនិម្មិតដល់ទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយភ្ជាប់ជាមួយការអត្ថាធិប្បាយ ថា Like មួយចំនួនធំដែលបង្ហាញលើទំព័រហ្វេសប៊ុករបស់សម្តេច គឺបានមកពីការទិញ ឬ ជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើឲ្យបង្កើត Accounts (គណនី) Facebook ក្លែងក្លាយដើម្បីផ្ដល់ Like សិប្បនិម្មិត ក្លែងបន្លំជូនសម្ដេច។
ក្នុងពាក្យបណ្ដឹង បានចាត់ទុកថា ការបង្ហោះនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំជាតិ និងលោក សោម សឿន យ៉ាងធ្ងន់ធ្ងរ៕