(ព្រះវិហារ)៖ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៦៣៥គ្រួសារ ស្មើនឹង៩៦៧បណ្ណ មកពីភូមិដូនម៉ា និងភូមិសំរោង ក្នុងឃុំរក្សា ស្រុករវៀង។
លោក មិន ស៊ីថា បានថ្លែងនូវការចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ លោកថា បណ្ណកម្មសិទ្ធិដីធ្លីដែលចែកជូននាពេលនេះ គឺជាកេរដំណែលដ៏មានតម្លៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅ ឱ្យកាន់តែប្រសើរឡើង។
លោកក៏បានថ្លែងផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ យើងដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ត្រូវថែរក្សាឱ្យបានល្អ ចៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិក ដែលជាហេតុធ្វើឱ្យមានការលំបាក នៅពេលយើងយកទៅប្រើប្រាស់ ក្នុងកិច្ចការផ្សេងៗ។
លោកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងលើកឡើង ពីការសម្រេចបាននូវវឌ្ឍនភាពនៃការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយលោកប្តេជ្ញាចិត្តថា នឹងចែកប្លង់កម្មសិទ្ធដីធ្លី ជូនពលរដ្ឋឱ្យអស់ទូទាំងខេត្តក្នុងឆ្នាំ២០២៥នេះ។
ការចែកជូនបណ្ណកម្មសិទ្ធដីធ្លីនាពេលនេះ ក៏បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មិនត្រឹមតែជួយធានានូវសិទ្ធិ និងការកាន់កាប់ដីធ្លីដោយស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
លោក មិន ស៊ីថា ក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋបន្តថា៖ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ដែលបានបន្តមរតកដឹកនាំពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេស និយាយដោយឡែកខេត្តព្រះវិហាររបស់យើង។
លោកអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះ ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែអភិវឌ្ឍន៍រីកចម្រើនថែមទៀត៕