(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រយៈពេល៤ខែ ឆ្នាំ២០២៥នេះ អត្រាសះជា នៃការផ្សះផ្សាវិវាទការងារក្នុងប្រទេសកម្ពុជា នៅកម្រិតក្រសួងបានកើនឡើងដល់ ៩៦ភាគរយ។
ការគូសបញ្ជាក់របស់ លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងការងារ បានពង្រឹងយន្តការដោះស្រាយវិវាទការងារកាន់តែមានប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ជាក់ស្តែងក្នុងរយៈពេល៤ខែ ឆ្នាំ២០២៥នេះ អត្រាសះជានៃការផ្សះផ្សាវិវាទការងារ នៅកម្រិតក្រសួងបានកើនឡើងដល់៩៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៨៣% ប៉ុណ្ណោះ។
លោកបានបញ្ជាក់បន្ថែមថា ក្រសួងបានបន្តពង្រឹងការអន្តរាគមន៍ដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ជាមួយអត្រាដោះស្រាយសះជាខ្ពស់ទៀតផង៕