(ភ្នំពេញ)៖ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុ ងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ, តារាសម្តែង និងបុគ្គលមានប្រជាប្រិយ ព្រមទាំងអង្គភាព សារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមគាំទ្រផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ ឱ្យបានទូលំទូលាយ, កាន់តែសកម្ម និងផុសផុល ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។
សប្បុរសជនដែលមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះ តាមមធ្យោបាយរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬលេខគណនីធនាគារ ដូចមានក្នុងរូបខាងក្រោម៕