Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ៖ រាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើនបន្តវិនិយោគផ្លូវជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

21-05-2025 19:19

(កោះកុង)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ នៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវនៅតាមជនបទ ដើម្បីបង្កើនភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ខណៈគិតមកដល់ពេលនេះ ក្រសួង បានស្ថាបនា ស្តារ និងការកែលម្អផ្លូវជនបទ បានចំនួនសរុបជាង ៥ ម៉ឺនគីឡូម៉ែត្រ។

លោក ផូ ផារិទ្ធ គូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលលោកចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង ៤ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ និង សំណង់សិល្បការ្យផ្សេងៗ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ។

លោកបន្ថែមថា សមិទ្ធផលរបស់រាជរដ្ឋាភិបាលជាច្រើន បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ ក្នុងគោលបំណងកែលម្អលក្ខខណ្ឌរស់ នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសង្គមជាច្រើន ក្នុងនោះសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងលើកកម្ពស់សុខុមាលភាព និងបរិស្ថានរស់នៅ ជាពិសេសការវិនិយោគផ្លូវជនបទ ដើម្បីកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និង ទីក្រុងជាដើម។

លោករដ្ឋលេខាធិការបន្តថា ជាក់ស្តែងការស្ថាបនាផ្លូវជនបទ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួង បានស្ថាបនា ស្តារ និងការកែលម្អផ្លូវជនបទ គិតមកដល់ពេលនេះបានចំនួនសរុបជាង ៥ ម៉ឺនគីឡូម៉ែត្រ និងបានកំពុងជំរុញអភិវឌ្ឍន៍ ជាបន្តបន្ទាប់ ក្រោមគម្រោងវិនិយោគផ្ទាល់របស់រាជរដ្ឋាភិបាល ក្នុងនោះខេត្តកោះកុង ក៏មានគម្រោងជាច្រើនដែលអនុវត្តសម្រេចបាន នាពេលកន្លងមក និងមានគម្រោងថ្មីៗកំពុងអនុវត្តន៍ជាហូរហែរ ជាពិសេសនៅតំបន់ជ្រោយប្រស់នេះជាដើម, ដែលនេះជាការជំរុញ បង្កើតនូវបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាជន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការរកទទួលទាន និងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗជាដើម ពោលគឺ មានផ្លូវ គឺមានការអភិវឌ្ឍន៍ ដែលជាផ្នែកមួយ នៃការជំរុញសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែ ប្រសើរ និងអាចក្លាយជាតំបន់រីកចម្រើននៅពេលខាងមុខ។

ជុំវិញផ្លូវខាងលើនេះដែរ លោក ផូ ផារិទ្ធ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវមួយនេះ សម្រេចបានជាផ្លែផ្កា និងប្រកបដោយគុណភាព ទោះបីបច្ចុប្បន្នផ្លូវនេះមិនទាន់ មានប្រជាពលររដ្ឋរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រើនក៏ដោយ តែទៅពេលខាងមុខ ផ្លូវនេះនិងអាចក្លាយទៅជាផ្លូវសេដ្ឋកិច្ច ជួយជំរុញ ដល់សកម្មភាពសេដ្ឋកិច្ចជនបទ និងជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនីមួយៗនៅក្នុងសហគមន៍ តាមរយៈសកម្មភាពផ្សេងៗ ដូចជា៖ ការជំរុញលើការងារដាំដុះដំណាំ, ការចិញ្ចឹមសត្វ, សិប្បកម្ម, សេវាកម្មខ្នាតតូច, សហគ្រាសគ្រួសារ និងការកសាងផ្សារជនបទ ជាដើម៕