(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល ដឹកនាំដោយលោក តេង គឹមស៊ាន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៦គ្រួសារ ដែលរងគ្រោះកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

នាឱកាសនោះ លោក តេង គឹមស៊ាន បាននាំផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោកប្រធានអនុសាខាសម្ដែងការសោកស្ដាយជាពន់ពេក ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយក មកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់ តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយគ្រាផងដែរ។

លោក តេង គឹមស៊ាន បានបន្តទៀតថា ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឲ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ។ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុតដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ២យួរ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, មី១កេស, ទឹកសុទ្ធ២កេស, ប្រេងឆា១ដប និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕