Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល តម្រង់ជូនទិស ជូនដល់បេក្ខជនបេក្ខនារី នៃវិទ្យាល័យពោធិ៍សាត់ ដែលត្រូវចូលរួមប្រកួតជម្រុះជុំទី៣ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥

21-05-2025 13:35

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល តម្រង់ជូនទិស ជាត្រីវិស័យ ជូនដល់បេក្ខជនបេក្ខនារី នៃវិទ្យាល័យពោធិ៍សាត់ ដែលត្រូវចូលរួមប្រកួតជម្រុះជុំទី៣ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលបន្ទប់រងចាំ ជាន់ទី១អគាររដ្ឋបាលខេត្ត ដោយបានការចូលរួមពី លោក សួង សារ៉ាវុធ នាយករដ្ឋបាលសាលាខេត្ត, លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោកនាយកវិទ្យាល័យពោធិ៍សាត់, លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំមួយចំនួនទៀត។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានចាត់ទុកយុវជនជាធនធានគន្លឹះ ជាសសរទ្រូងរបស់ប្រទេសជាតិ ជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងរក្សាសន្ដិភាព ទាំងបច្ចុប្បន្ន និងពេលអនាគត»។ ជាការពិតណាស់ថា ការរៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន បញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈ ក្នុងការជជែកដេញដោល ដើម្បីបង្កើតសង្គមពុទ្ធិក្នុងសមរភូមិគំនិត និងស្វែងរកសុខដុមនីយកម្ម សម្រាប់វឌ្ឍនភាពសង្គម។

លោកសូមឱ្យបេក្ខជន បេក្ខនារី នៃវិទ្យាល័យពោធិ៍សាត់ ដែលត្រូវចូលរួមប្រកួតជម្រុះជុំទី៣នាពេលខាងមុខ សូមប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងសូមជូនពរឱ្យក្មួយៗទទួលបានលទ្ធផលដ៏ល្អ សម្រាប់វគ្គផ្តាច់ព្រាត់ ដែលនេះជាកិត្តិយសជូនខេត្ត និងវិទ្យាល័យទាំងមូល។

លោកស្រី ហេង សុវណ្ណ គ្រូបង្រៀននៃវិទ្យាល័យពោធិ៍សាត់ និងជាគ្រូបង្វឹក តាងនាមជំនួសមុខឱ្យគណៈគ្រប់គ្រងវិទ្យាល័យ និងក្រុមយុវជនជជែកដេញដោលថ្នាក់ជាតិ នៃវិទ្យាល័យពោធិ៍សាត់ទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ ដែលតែងលើកទឹកចិត្តយុវជន ឱ្យខិតខំប្រឹងប្រែង កសាងសមត្ថភាព ដើម្បីក្លាយជាធនធានដ៏មានតម្លៃ សម្រាប់គ្រួសារ និងសង្គមជាតិ។

ជាមួយនឹងការគាំទ្រទាំងកម្លាំងកាយចិត្ត និងថវិកា ព្រមទាំងការអនុសាសន៍ល្អៗ របស់លោកអភិបាលខេត្ត ប្អូនៗយុវជនសូមប្តេជ្ញានឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រកួតជម្រុះជុំទី៣នាពេលខាងមុខ ឱ្យទទួលបានជោគជ័យ។ លោកស្រី ក៏សូមគោរពជូនពរលោកអភិបាលខេត្ត ឱ្យជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងបន្តដឹកនាំខេត្តពោធិ៍សាត់ ឱ្យឆ្ពោះទៅកាន់វឌ្ឍនភាព សុខដុមរមនា ជានិច្ចរៀងទៅ។

គួរជម្រាបជូនថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៥នេះ៖

*វគ្គជម្រុះជុំទី១៖ យុវជនវិទ្យាល័យពោធិ៍សាត់ បានយកឈ្នះ សាលាអន្តរជាតិUSA, សាលាផ្សារដើមគរ រាជធានីភ្នំពេញ លើប្រធានបទ៖ «ការលើកទឹកចិត្តពីសំណាក់អាណាព្យាបាល គឺជាកត្តាចំបងជំរុញឱ្យកូនទទួលបានលទ្ធផលការសិក្សាល្អ»
វគ្គជម្រុះជុំទី២៖ យុវជនវិទ្យាល័យពោធិ៍សាត់ បានយកឈ្នះ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម, សាលារៀនជំនាន់ថ្មី លើប្រធានបទ «ការបង្រៀនកូនឱ្យចេះភាសាបរទេសមុនភាសាជាតិ គឺជាកត្តាចម្បង ដែលនាំឱ្យកម្ពុជាធ្លាក់ចុះ នូវការប្រើប្រាស់ភាសាជាតិ»
វគ្គជម្រុះជុំទី៣នេះ៖ យុវជនវិទ្យាល័យពោធិ៍សាត់ ត្រូវជួបប្រកួតជាមួយវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ លើប្រធានបទ «ការលើកទឹកចិត្តស្ត្រី ក្នុងកិច្ចការនយោបាយ គឺជាកត្តាចម្បង ជំរុញការសម្រេចបាននូវសមភាពយេនឌ័រ»។ សម្រាប់វិទ្យាល័យពោធិ៍សាត់ ជាក្រុមបដិសេធ ដែលត្រូវចូលរួមប្រកួត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

បេក្ខជន បេក្ខនារី នៃវិទ្យាល័យពោធិ៍សាត់ ដែលត្រូវចូលរួមវគ្គជម្រុះជុំទី៣ រួមមាន៖

ទី១៖ កញ្ញា សឹង ស្រីពេជ្រ
ទី២៖ កញ្ញា យ៉ុក ស៉ីវម៉ី
ទី៣៖ កញ្ញា ហួត ដាលីស
ទី៤៖ លោក យូ រិទ្ធីវ៉ាន់
ទី៥៖ កញ្ញា មឿន លីទៀង
បេក្ខជន បេក្ខនារីទាំងអស់ ដឹកនាំដោយ លោកគ្រូ ជឹម សុផល្លា និងអ្នកគ្រូបង្វឹក ហេង សុវណ្ណ៕