(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសទាំងឡាយ ដែលបានចោទប្រកាន់ថា កម្ពុជាបានអនុញ្ញាតឲ្យ ចិនប្រើប្រាស់ផ្តាច់មុខ មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក។

មជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតុន (Washington D.C.) សហរដ្ឋអាមេរិក នាថ្មីៗនេះ បានចេញរបាយការណ៍ចោទប្រកាន់ថា យោធាចិនកំពុងមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពរាម ហើយចិនក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើសពីមូលដ្ឋានទ័ពរាម។

ការចោទប្រកាន់ជាថ្មីនេះ បានធ្វើឡើងស្របពេលដែលកងទ័ពកម្ពុជា-ចិន បាន និងកំពុងធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ រួមគ្នា រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានកម្លាំងចូលរួមជាង២ពាន់នាក់។

អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា ការចោទប្រកាន់យ៉ាងគឃ្លើននេះ មានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ចំពោះការប្រើប្រាស់ មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា «រាជរដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្នានយោធាដាច់ខាត។ ក្រោយការដាក់ឱ្យដំណើរការប្រើប្រាស់កន្លងមក កម្ពុជាបានអនុញ្ញាតឱ្យនាវាបរទេសចូលមកសំចតជាហូរហែនៅកំពង់ផែសមុទ្ររាម ដែលក្នុងនោះមាននាវាកងទ័ពជប៉ុនត្រូវបានអនុញ្ញាតឱ្យចូលចតមុនគេបង្អស់ បន្ទាប់ពីកំពងផែសមុទ្ររាមត្រូវបានសម្ពោធជាផ្លូវការ បន្ទាប់មកមាននាវាកងទ័ពវៀតណាម នាវាចិនជាដើម។ ពួកគេបានប្រើប្រាស់កំពង់ផែសមុទ្ររាមដោយរីករាយ ដែលនេះជាភស្តុតាងជាក់ស្តែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររាមរបស់កម្ពុជា»

មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ដែលជាកំពង់ផែទឹកជ្រៅរបស់យោធាកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាមនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសស្វាកមន៍ផងដែរ នូវបណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់បន្ថែមទៀតថា ទោះជាយ៉ាងនេះក្តី រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម ត្រូវតែជូនដំណឹងមកកម្ពុជាដែលជាម្ចាសផ្ទះជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរ ដែលលោកសង្ឃឹមថា នៅថ្ងៃខាងមុខ នឹងមាននាវាកងទ័ពប្រទេសជាមិត្តជាបន្តបន្ទាប់ទៀត នឹងចូលចតនៅកំពង់ផែរាមនេះ៕