(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះការប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់ របស់ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ និង បុគ្គលិក នៃវិទ្យាស្ថានជាតិអប់រំ ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រកែទម្រង់ និងផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង សម្រាប់កែលម្អកម្មវិធី និងវិធីសាស្ត្របណ្តុះបណ្តាល, អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការសិក្សា, ការស្រាវជ្រាវ និងពង្រឹងអភិបាលកិច្ច និង សមត្ថភាពស្ថាប័នរបស់វិទ្យាស្ថាន- ជាតិអប់រំ សំដៅលើកកម្ពស់គុណតម្លៃរបស់និស្សិត, គរុនិស្សិត និង គរុសិស្ស ស្របតាម ស្ដង់ដាជាតិ, តំបន់ និងសកល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចប្រែក្លាយវិទ្យាស្ថានជាតិអប់រំ ទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញ​លេញ ក្នុងឆ្នាំ២០២២ និងបានប្រគល់ពានសាលាគរុកោសល្យគំរូ ដល់​វិទ្យា​ស្ថានជាតិអប់រំ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ។ ទន្ទឹមនេះ, គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា ក៏បានអនុញ្ញាតឱ្យដំឡើងកម្រិត បណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិអប់រំ ពីកម្រិតបរិញ្ញាបត្រ+១ ទៅកម្រិតបរិញ្ញាបត្រ+២, និង បានផ្ដល់ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ដល់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ដល់វិទ្យាស្ថានជាតិអប់រំ ដែលបាន បំពេញតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្ថភាពគ្រូសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាល។ រៀនក្រោមដើមឈើអាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ តែបើមានសាលាថ្ម តែបើសមត្ថភាពគ្រូមានកម្រិត ការទទួលរបស់សិស្សក៏មានកម្រិត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ទាប់ពីបានធ្វើការ​កែលម្អ​ជាបន្តបន្ទាប់, វិទ្យាស្ថានជាតិអប់រំ មានហេដ្ឋារចនាសម្ព័ន្ធ កាន់តែ​សម្បូរបែប និងទំនើប, ព្រមទាំងអាចឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវ ការនៃការសិក្សា និងការបណ្ដុះបណ្តាលក្នុងសតវត្សរ៍ទី២១។ ការធ្វើទំនើប​កម្ម និងបរិវត្តកម្មឌីជីថលនេះ គឺជាសមិទ្ធផលដ៏លេចធ្លោបំផុតរបស់​វិទ្យាស្ថានជាតិអប់រំក្នុងរយៈពេល១១៤ឆ្នាំនៃប្រវត្តិសាស្ត្រវិទ្យាស្ថាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបនឹងចុះហត្ថលេខា​លើអនុក្រឹត្យជ្រើសអ្នកមានគុណវុឌ្ឍមកបំពេញការនៅមូលដ្ឋានលើការអប់រំ និងសុខាភិបាល តាមរយៈកិច្ចសន្យាបច្ចេកទេស។ សម្រាប់អប់រំ គឺជ្រើសអ្នកបង្រៀនពីមត្តេយ្យ ដល់ថ្នាក់ទី១២។ រីឯសុខាភិបាលចាប់ពីឲប៉ុស្តិ៍សុខភាព ដល់ពេទ្យបង្អែកស្រុក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីត្រូវបំពេញបរិមាណ តែមិនអាចបោះបង់និយាមគុណភាពនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, បុគ្គលិក, ព្រមទាំងប្អូនៗ និស្សិតគរុនិស្សិត និងគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំ បន្តថែរក្សាកេរដំណែលនេះឱ្យបានឋិតថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់កូនចៅខ្មែរគ្រប់ជំនាន់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលបានចូលរួម និង គាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា និយាយជារួម, និងក្រសួងអប់រំ យុវជន និង កីឡា ក្នុងការកែ​ទម្រង់​វិស័យអប់រំ នៅកម្ពុជា និយាយដោយឡែក, ជាពិសេសការកែលម្អវិទ្យាស្ថានជាតិអប់រំ ដោយបានវិនិយោគលើសំណង់បណ្ណាល័យ «សម្តេច​ព្រះសង្ឃរាជ ជួន ណាត» ថ្មី, ការជួសជុលកែលម្អអគារបេតិកភណ្ឌចំនួន ៨, ការបំពាក់សម្ភារការិយាល័យ, សម្ភារពិសោធន៍, សម្ភារបច្ចេកវិទ្យា​ឌីជី​ថល និងសៀវភៅ សម្រាប់ដាក់ក្នុងបណ្ណាល័យ, ព្រមទាំងការគាំទ្រ​ផ្នែកទន់ជាច្រើនផ្សេងទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកថា ធ្វើជាគ្រូមិនអាចពឹងផ្អែកលើ ChatGPT ទាំងស្រុងនោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហារបស់កម្ពុជា គឺការចងក្រងឯកសារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិត និងគរុនិស្សិតជ័យលាភីទាំងអស់ នឹងខិតខំពុះពារ ជម្នះរាល់ឧប​សគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ បុគ្គលិកល្អ, ដោយប្រើនូវចំណេះ និង ជំនាញពិតប្រាកដរបស់ខ្លួន ប្រកបដោយ​មន​សិ​ការ, វិជ្ជាជីវៈ, សីលធម៌ល្អ និង ការដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ដើម្បីបុព្វហេតុជាតិមាតុភូមិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលផ្ដល់​អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសារ​ការ​អប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះដឹងទូលំទូលាយ, ជំនាញច្បាស់លាស់ និង សីលធម៌វិជ្ជាជីវៈ អាចធានានូវប្រសិទ្ធភាព, បរិយាប័ន្ន និង ចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង នៃទីផ្សារការងារ, ទាំងក្នុងស្រុក, តំបន់ និងសកល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំមិនត្រឹមតែបង្កើតធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះ បង្កើតនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា រួមទាំងផលប្រយោជន៍​សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួល បានការអប់រំ និងការបណ្ដុះបណ្ដាល, និង ផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត ដែលអាច​យកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និង ក្រុមគ្រួសារ ក្រោមរូបភាព​ជាការងារ, ការវិនិយោគ ឬសហគ្រិនភាព។ ជាមួយគ្នានេះ, ការអប់រំបង្កើតឱ្យមានផលប្រយោជន៍សម្រាប់សង្គមជាតិជាច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភស្តុតាងជាអន្តរជាតិបង្ហាញថា ប្រជាជនដែលមានការអប់រំខ្ពស់, មានសុខភាពល្អ, មានសីលធម៌, មានសុភមង្គលក្នុងគ្រួសារ, និង «ជាទ្រព្យសកម្ម និង មិនមែនជាបន្ទុក របស់សង្គមជាតិ»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងចំណាយថវិកាជាតិយ៉ាងច្រើន សម្រាប់កសាងមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំ មានជាអាទិ៍៖ គ្រឹះស្ថានឧត្តមសិក្សា, មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស, សាលារៀន, បណ្ណាល័យ ជាដើម។ ជាលទ្ធផល, គ្រឹះស្ថានបណ្ដុះបណ្តាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន បាននិងកំពុងរីកលូតលាស់ឆាប់រហ័ស ហើយគុណភាពនៃការអប់រំបណ្តុះបណ្តាល ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំង តាមរយៈ ការកើនឡើងនូវចំនួនសិស្ស-និស្សិតកម្ពុជា ចូលរួម និង ទទួលបាន ជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម
និង គណិតវិទ្យា ទាំងនៅកម្រិតតំបន់ និងអន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាននិង កំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់​បង្កើត​តម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាមួយនឹងជំនាញបច្ចេកទេស, បទពិសោធ និងសុខភាព រួមនឹងគុណតម្លៃខាង សីលធម៌, គុណធម៌ និង មនសិការ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគូ ដោយត្រូវបង្កើន​គុណវុឌ្ឍគ្រូបង្រៀនចេញថ្មី និង ធ្វើវិក្រឹតការគ្រូបង្រៀនដែលបានចេញ បង្រៀនរួចហើយ ដើម្បីអាចឆ្លើយតបបានកាន់តែប្រសើរ​ទៅនឹងតម្រូវ​ការ​នៃការអប់រំ ក្នុងសតវត្សរ៍ទី ២១ និង ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត (AI) និង ដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» និង «ស្ដង់ដាសាលាគរុកោសល្យគំរូ»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងការអនុវត្តវិធីសាស្ត្រថ្មី នៃការបង្រៀន, ការរៀន និង​កា​រ​វាយ​តម្លៃដែលអាចជួយឱ្យសិស្ស-និស្សិត អភិវឌ្ឍបំណិន នៃការគិតនិងការដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃ ប្រកបដោយវិចារណញ្ញាណ និងភាពច្នៃប្រឌិតខ្ពស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា-ឌីជីថល ដល់គ្រូបង្រៀន តាមរយៈការបញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និងការរៀន, ការកែលម្អមាតិកាឌីជីថល, ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យបានទូលំទូលាយ និងការធ្វើទំនើបកម្មការបណ្ដុះបណ្ដាលនាយកសាលាគ្រប់កម្រិត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមុខងារសារធារណៈ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគន្លង អាជីពគ្រូបង្រៀន, នាយក, អ្នកឯកទេសអប់រំ និង គ្រូឧទ្ទេស ដើម្បីទាក់ទាញ និងរក្សាគ្រូបង្រៀន, គ្រូឧទ្ទេស ដែលមានសមត្ថភាព, ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានស្នាដ ការងារល្អ ឱ្យនៅក្នុងប្រព័ន្ធ សម្រាប់ការអប់រំចំណេះទូទៅ និង ការបណ្តុះបណ្តាលគ្រូបង្រៀន។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖៥៥នាទីនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕