ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន២២១បណ្ណ នៅឃុំកាហែង ស្រុកសំរោងទង
20-05-2025 21:26
(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចលនវត្ថុ ជូនប្រជាពលរដ្ឋ មកពី៧ភូមិ នៃឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន២២១បណ្ណ។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ១៥៥គ្រួសារ ដែលបានប្រព្រឹត្តទៅបរិវេណសាលាឃុំកាហែងផ្ទាល់។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានស្វាគមន៍ចំពោះវត្តមានលោក ហ៊ុន ម៉ានី និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ជាពិសេសលើការងារចុះបញ្ជីកម្មសិទ្ធដីធ្លី ដែលជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ភាពស្របច្បាប់នូវការកាន់កាប់ទ្រព្យសម្បត្តិរបស់ពលរដ្ឋ។
មានមតិទៅកាន់អង្គពិធីលោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបជុំ អ៊ំពូមីង ខេត្តកំពង់ស្ពឺទាំងអស់គ្នា។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំ ជាពិសេសក្រុមការងារទាំងអស់ នៃក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺក្នុងការជំរុញការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សឈានទៅដល់ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន២២១បណ្ណ នាពេលនេះ។ សាជាថ្មីម្តងទៀត លោកសូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋម្ចាស់វិញ្ញាបនបត្រអចលនវត្ថុទាំងអស់ ដែលបានទទួលបណ្ណកម្មសិទ្ធិដីធ្លីក្នុងថ្ងៃនេះ។
សូមបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការ ការងារចុះបញ្ជីកម្មសិទ្ធដីធ្លីកំពុងត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ។
ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ កិច្ចការនេះបានចាប់ផ្តើមតាំងពី ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥ ដែលសម្រេចបានការចុះបញ្ជីចំនួន ប្រមាណ៦ម៉ឺនបណ្ណ ដែលនៅសេសសល់ទីតាំងមួយចំនួនដែលមិនទាន់រួចរាល់ដោយសារបញ្ហាបច្ចេកទេស និងការដោះស្រាយវិវាទមួយចំនួន៕