(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើរពុករលួយ ACU នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនខ្លួនបុរស២នាក់ និងអ្នកជាប់ពាក់ព័ន្ធមួយចំនួនទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី ក្នុងសំណុំរឿងដើរប្រមូលលុយពីអាជីវករលក់ដូរនៅតាមបណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ ក្នុងម្នាក់ចាប់ពី ១៥ដុល្លារ ទៅ៣០ដុល្លារ ជារៀងរាល់ខែ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ពេលពួកគេកំពុងដើរប្រមូលលុយពីអ្នកលក់ដូរនៅតាមបណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន នៅភូមិត្រពាំងថ្លឹង៤ សង្កាតចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ ទី១៖ ឈ្មោះ មុី សាផាត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបសន្តិសុខផ្សារទួលពង្រ, ២៖ ឈ្មោះ សា ម៉ាក់ឆាន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបសន្តិសុខផ្សារទួលពង្រ។ ជនសង្ស័យទាំង២នាក់នេះ ស្នាក់នៅផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីអាជ្ញាធរបានឱ្យដឹងថា ជនសង្ស័យទាំងពីររូបនេះ បានដើរប្រមូលលុយពីអាជីវករលក់ដូរនៅតាមបណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន ក្នុងម្នាក់ចាប់ពី ១៥ដុល្លារ ទៅ៣០ដុល្លារឡើងទៅជារៀងរាល់ខែ។ ទង្វើពួកគេ ធ្វើឱ្យប្រជាពលរដ្ឋកើតការក្ដៅក្រហាយ ហើយបានរាយការណ៍ជូនអាជ្ញាធរខណ្ឌ។ ក្រោយទទួលព័ត៌មានពីអ្នកលក់ដូរ អាជ្ញាធរ ក៏បានចាត់វិធានការច្បាប់លើពួកគេតែម្តង៕