(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយមជ្ឈមណ្ឌលស៊ាសិន (SEACEN) និងធនាគារកណ្តាលនៃប្រទេសជប៉ុន បានបើកវគ្គបណ្តុះបណ្តាលជាលក្ខណៈ Hybrid ស្តីពី «ការគ្រប់គ្រងវិបត្តិ ការរៀបចំផែនការដោះស្រាយ និងស្តារឡើងវិញ»

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្រោមការចូលរួមពីលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Srichander Ramaswamy នាយកផ្នែកស្ថិរភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់ នៃមជ្ឈមណ្ឌលស៊ាសិន និងលោក Tetsurou Matsushima តំណាងពីធនាគារកណ្តាលជប៉ុន រៀបចំឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ថ្ងៃ គឺចាប់ថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានបទឧទ្ទេសនាមពីវាគ្មិនចំនួន៨រូប មកពីស្ថាប័ននិងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់សិក្ខាកាមអំពី៖

១៖ ការគ្រប់គ្រងវិបត្តិ ការរៀបចំផែនការដោះស្រាយនិងស្តារឡើងវិញ។
២៖ គន្លឹះសំខាន់ៗសម្រាប់បង្កើតប្រព័ន្ធស្ដារឡើងវិញ។
៣៖ តម្រូវការសម្រាប់គ្រឹះស្ថានធនាគារ ក្នុងការអនុលោមតាម ផែនការស្តារឡើងវិញ។ 

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាតែងតែសហការជាប្រចាំឆ្នាំ ជាមួយមជ្ឈមណ្ឌលស៊ាសិន ដែលជាមជ្ឍមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវសម្រាប់ធនាគារកណ្តាល នៃបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក លើប្រធានបទដែលទាក់ទងនឹងប្រតិបត្តិការធនាគារកណ្តាលដូចជា៖ សេដ្ឋកិច្ច ការត្រួតពិនិត្យធនាគារ ប្រព័ន្ធទូទាត់សងប្រាក់ និងអភិបាលកិច្ចធនាគារកណ្តាល។ 

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញចំនួន៤៣រូប មកពីធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុ ចំនួន១០ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕