(ស្ទឹងត្រែង)៖ ធនាគារជាតិនៃកម្ពុជា នៅតែបន្ដបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដែលជាកាតព្វកិច្ចអាទិភាព និងចាំបាច់នៃកម្ចីឥណទានក្រៅផ្លូវការ ដែលកំពុងរីករាលដាលជូនប្រជាជន ពិសេសប្រជាពលរដ្ឋ តាមមូលដ្ឋាននៅខេត្តស្ទឹងត្រែង ដែលជាកាតាលីករជួយជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងនោះធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន រៀបចំឡើងនៅខេត្តស្ទឹងត្រែង ក្រោមការចូលរួមពីលោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

លោក យឹម លាត បានថ្លែងឲ្យដឹងថា «ជុំវិញកម្ចីឥណទាននេះ សព្វថ្ងៃកម្ចីក្រៅ ប្រព័ន្ធបានកំពុងរាតត្បាតនៅកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋ រងការជំពាក់បំណុលវ័ណ្ឌកដោះខ្លួនមិនរួច នាំឱ្យកើតទៅជាវិបត្តិផ្លូវចិត្ត ចំពោះបញ្ហានេះធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយសម្រួលបញ្ហាប្រឈមនានា ដែលមានក្នុងប្រព័ន្ធធនាគារ។ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងស្មើភាព សុច្ចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើន ប្រព័ន្ធធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ។

លោកបានបន្ដថា លើសពីនេះធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តកិច្ចការសំខាន់រួមមាន បន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈ បុគ្គលិករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងទីស្នាក់ការកណ្ដាល និងសាខា បន្តសហការជាមួយក្រសួង មហាផ្ទៃ ក្នុងការពង្រឹងប្រព័ន្ធ Smart Hotline Scam ពង្រឹងយន្តការដោះស្រាយបណ្តឹង, បង្កើតក្រុមការងាររៀបចំយន្តការឯករាជ្យ ក្នុងការពិគ្រោះយោបល់ និងសម្រុះសម្រួលបំណុល, និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន, បន្តផ្សព្វផ្សាយបទប្បញ្ញតិ នានា នៅតាមស្ថានីយទូរទស្សន៍ និងវិទ្យុបន្តផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមបណ្ដាញសង្គមផ្លូវការ របស់ធនាគារជាតិនៃកម្ពុជា, រៀបចំកម្មវិធីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កម្មករ-កម្មការិនីនៅតាមរោងចក្រ, សិស្ស-និស្សិត នៅតាមគ្រឹះស្ថានឧត្តមសិក្សា និង បន្តសហការជាមួយ ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារ អតិថិជន។

លោក យឹម លាត បានបញ្ជាក់បន្ថែមថា បញ្ហានេះធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាប ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។

បន្ថែមពីនេះធនាគារជាតិនៃកម្ពុជាក៏បានអនុវត្ត នូវវិធានការពង្រឹងកិច្ចការពារអតិថិជន ដែលមានលក្ខណៈបុរសកម្មជាច្រើន ព្រមទាំងបានគាំទ្រនិងសហការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌និងតម្លាភាព និងការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់អតិថិជន។

ក្នុងនោះផងដែរលោក យឹម លាត បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានាឱ្យបាននូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ ផ្ដល់ឥណទាន ប្រកបដោយការទទួលខុសត្រូវ៕