(ភ្នំពេញ)៖ លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើង ត្រូវទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងស្នាមខ្ចៅដៃឲ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ នឹងបន្តរហូតដល់ថ្ងៃទី២៦ ខែឧសភា នៅតាមសាលា ឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ ដែលពេលព្រឹកចាប់ពីម៉ោង៧:០០ ដល់ម៉ោង១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង២:០០ ដល់ម៉ោង៥:៣០នាទីល្ងាច រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ការអំពាវនាវនេះរបស់លោក ជឺ ចំណាន បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នៅសាលាសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ។

លោក ជឺ ចំណាន បានថ្លែងថា ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោត អចិន្ត្រៃយ៍ ដូចដែលយើងបានធ្វើជារៀងរាល់ឆ្នាំ។ ដោយចាប់ផ្តើមពីឆ្នាំ២០២៥ នេះតទៅ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានបន្ថែមចំណុចសំខាន់ថ្មីមួយ នុះគឺការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមខ្ចៅដៃ) ក្នុងបញ្ជីបោះឆ្នោត សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ (ចុះឈ្មោះមុនឬត្រឹមឆ្នាំ២០១៦) ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព ដោយធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។

លោកបានបន្តថា ប្រជាពលរដ្ឋដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង ៦លាននាក់ ខណៈប្រជាពលរដ្ឋដែលបានប៉ាន់ស្មានត្រូវចុះឈ្មោះថ្មីមានជាង២២ម៉ឺននាក់។ ការធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោតសម្រាប់ឆ្នាំ២០២៥ គឺអនុញ្ញាតឱ្យអ្នកមានឈ្មោះក្នុងបញ្ជី សុំកែតម្រូវទិន្នន័យក្នុងករណីមានកំហុសឆ្គង ឬសុំផ្លាស់ប្តូរទីលំនៅ (សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទូទៅ) ធ្វើបច្ចុប្បន្នភាពលើរូបថតនិងស្នាមខ្ចៅដៃ (សម្រាប់អ្នកបានចុះឈ្មោះលើសពី១០ឆ្នាំ) និងចុះឈ្មោះថ្មី (សម្រាប់អ្នកមិនទាន់បានចុះឈ្មោះមកពីមុន និងអ្នកទើបនឹងគ្រប់អាយុ១៨ឆ្នាំ)។

អនុប្រធាន គ.ជ.ប រូបនេះ បានបន្ថែមថា ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត នៅតាមសាលា ឃុំ សង្កាត់ ឬទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។ ដោយឡែក ចំពោះអ្នកដែលត្រូវធ្វើបច្ចុប្បន្នភាពទៅលើទិន្នន័យជីវមាត្រលើរូបថតថ្មី និងខ្ចៅដៃថ្មី គឺត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ដែលបានប្រើពេលចុះឈ្មោះបោះឆ្នោតពីមុន ដោយមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ និងបង្ហាញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត ប្រសិនបើមាន៕