(បន្ទាយមានជ័យ)៖ ក្នុងឱកាសខួបលើកទី៨ ទិវាជាតិ នៃការចងចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បាននិមន្តព្រះសង្ឃរាប់បាត្រដើម្បីឧទិ្ទសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះស្លូតត្រង់ ជាង៣លាននាក់ ដែលត្រូវបានពួក ប៉ុល ពត កាប់សម្លាប់យ៉ាងរង្គាល ប្រែក្លាយប្រទេសកម្ពុជា ជាគំនរឆ្អឹង ស្ទឹងទឹកភ្នែក បន្សល់ទុកជនជរា, ស្រ្តីមេម៉ាយ, ក្មេងកំព្រា ហេដ្ឋារចនាសម្ពន្ធ័ជាតិទាំងមូល ត្រូវបានបំផ្លាញដល់ក្រោមសូន្យ។

ពិធីនេះក្រោមអធិបតីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត។ សម្រាប់ប្រជាជននៅខេត្តបន្ទាយមានជ័យ នៅតែចងចាំមិនភ្លេច ចំពោះសោកនាដកម្មនៃពួកឃាដករអាវខ្មៅ រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះឡើយ ទោះបីស្រមោលអន្ទកាលនេះ បានកន្លងផុតទៅជាង៤៦ឆ្នាំ ទៅហើយក្តី។

ក្នុងសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសខួបលើកទី៨ ទិវាជាតិ នៃការចងចាំ នៅថ្ងៃទី២០ ខឺឧសភា ឆ្នាំ២០២៥ ដែលអានដោយលោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ។

រដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹង ចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវសំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤ មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ទៅជា «ទិវាជាតិនៃការចងចាំ» ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ លេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា នេះជា «ទិវាជាតិនៃការចងចាំ» វិញ៕