(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានមានប្រសាសន៍ថាសហគមន៍កសិកម្មទំនើប មានប្រព័ន្ធគ្រប់គ្រងដែលពឹងផ្អែកលើបុគ្គលិកអាជីព ដែលមានការយល់ដឹងពីគណនេយ្យភាព ភាពជាអ្នកដឹកនាំ យល់ដឹងពីចរន្តទីផ្សារ ដើម្បីទទួលបាននូវប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងការគ្រប់គ្រងសហគមន៍។
ក្នុងកិច្ចសម្ភាសជាមួយអង្គភាព Fresh News, លោក ឃឹម ហ្វីណង់ បានលើកឡើងថាការគ្រប់គ្រងសហគមន៍កសិកម្មទំនើប មិនអាចពឹងផ្អែកលើប្រជាកសិករទាំងស្រុងនោះទេ តែតម្រូវឱ្យមានបុគ្គលិកអាជីពដែលមានលក្ខណៈសម្បត្តិជាអ្នកដឹកនាំ មានសហគ្រិនភាព ឈ្លាសវៃ យល់ដឹងពីលំហូរទីផ្សារ និងចេះគ្រប់គ្រងបែងចែកភាគលាភដេលសហគមន៍ទទួលបានតាមសមាមាត្រ នៃកសិផលដែលប្រជាកសិករនីមួយៗរកបាន៕