(ភ្នំពេញ)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងថាក្រសួងរៀបចំដែនដី ផ្ដោតការយកចិត្តទុកដាក់គិតគូរអំពីគុណភាព និងសុវត្ថិភាពសំណង់នៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យកាន់តែប្រសើរឡើង។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីគុណភាព និងសុវត្ថិភាពសំណង់នៅប្រទេសកម្ពុជា នៅទីស្ដីការក្រសួង ហើយសិក្ខាសាលានេះ មានសារៈសំខាន់ ពីព្រោះជាឱកាសជួបជុំគ្នារបស់តួអង្គពាក់ព័ន្ធក្នុងវិស័យនេះ ដោយកំណត់នូវកិច្ចការដែលត្រូវអនុវត្តឱ្យបានជោគជ័យ នាថ្ងៃអនាគតសំរាប់កម្ពុជាលើផ្នែកស្ថាបត្យកម្ម និងវិស្វកម្ម។

នាឱកាសនោះ លោកឧនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អគ្គនាយកដ្ឋានសំណង់ គឺជាអគ្គនាយកដ្ឋានស្នូល ដើម្បីប្រយុទ្ធនឹងសមរភូមិការងារទាក់ទិននឹងគុណភាព និងសុវត្ថិភាពសំណង់នៅប្រទេសកម្ពុជា ហើយក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ក៏ជាសេនាធិការដ៏សំខាន់ចាំបាច់ផងដែរក្នុងការបង្កើតច្បាប់និងអនុវត្ត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ដើម្បីឈានសម្រេចបាននូវគោលបំណងរបស់យើងទាក់ទិននឹងគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ គឺត្រូវផ្ដើមចេញពីគំនិត ទស្សនវិស័យ បទដ្ឋានបច្ចេកទេស ដែលត្រូវមានការឯកភាពគ្នាតែមួយ ក្នុងស្មារតីធ្វើការជាក្រុម ស្មារតីជាសង្គមជាតិមួយ និងប្រទេសជាតិមួយ»

លោក បានបន្ថែមថា ទៅថ្ងៃមុខយើងត្រូវមានគំនិតទស្សនៈរួមរបស់កម្ពុជា ហើយក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ ត្រូវកំណត់ជាទស្សនវិស័យ ជាបទដ្ឋានបទបញ្ញត្តិទាំងអស់ ថាតើយើងគួរធ្វើដូចម្ដេចទាក់ទិននឹងវិស័យសំណង់ សម្រាប់ស្ថាបត្យកម្មខ្មែរនាសហសម័យក្នុងសង្គមជាតិមួយនេះ ដែលស្របតាមទីតាំងភូមិសាស្ត្រនៃតំបន់នីមួយៗ និងអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចធានាឱ្យប្រជាជនរស់នៅតជំនាន់បាន៕