(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា ការយករ៉ែនៅក្នុងស្រុក ជួយសួយសាអាករដល់រដ្ឋ ប្រមាណជិត១០០លានដុល្លារ ក្នុងឆ្នាំ២០២៤ ហើយក្រៅពីនោះ ក៏បង្កើនការងារដល់បងប្អូនបន្ថែមទៀតផង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «វាមិនមែនត្រឹមតែវត្ថុធាតុដើមនោះទេ ប៉ុន្ដែក៏ចូលចំណូលរដ្ឋច្រើន ឥលូវនៅឆ្នាំ២០២០ សួយសាររបស់យើង បាន២៧.៥៤លានដុល្លារ ហើយក្នុងរយៈពេល៥ឆ្នាំនេះ យើងបានខិតខំបង្កើន នៅឆ្នាំ២០២៤ សួយសារដែលយើងប្រមូលបាន ជិត១០០លានដុល្លារ ពីការនាំចេញអាជីវកម្មរ៉ែផ្សេងៗ»
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកសួយសាអាករពីក្រុមហ៊ុនយករ៉ែផ្សេងៗ គឺថវិការដ្ឋបានជួយអភិវឌ្ឍន៍ ដល់សហគមន៍ផ្សេងៗ នៅទូទាំងប្រទេស ដូច្នេះការយករ៉ែក្នុងស្រុក គឺជារឿងត្រឹមត្រូវ។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ត ដល់ក្រុមហ៊ុននានាបង្កើតមូលនិធិ ជួយប្រជាពលរដ្ឋ និងសហគមន៍ និងណែនាំឱ្យរាល់គម្រោងវិនិយោគ ត្រូវសិក្សាឱ្យបានល្អិតល្អន់ ដើម្បីបញ្ចៀសផលប៉ះពាល់លើប្រជាពលរដ្ឋ និងបរិស្ថាន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាល់ការអភិវឌ្ឍ ត្រូវតែផ្តល់ប្រយោជន៍ និងចំណូលបន្ថែមទៅប្រជាពលរដ្ឋ។

បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមាន៦រោងចក្រ ដែលអាចផលិត១១លានតោន ក្នុងមួយឆ្នាំ អាចផ្គត់ផ្គង់ទូទាំងប្រទេសបាន និងអាចនាំចេញបានទៀតផង។

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតមក​ទល់ឆ្នាំ​២០២៥នេះ កម្ពុជាមានរោងចក្រចំនួន៦ ដែលបានបោះទុនវិនិយោគ​សរុបប្រមាណ ១,១១ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូន​ប្រជា​ពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។

រោងចក្រទាំង៦ មានសមត្ថភាព​ផលិត​ស៊ីម៉ងត៍ បានប្រមាណ១១លានតោន ក្នុងមួយឆ្នាំ ដែលបាន​ប្រែ​ក្លាយ​កម្ពុជា ពីប្រទេសនាំចូលស៊ីម៉ងត៍ ១០០ភាគរយពីបរទេស ទៅជាប្រទេស​មាន​លទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់​ផ្តើម​នាំចេញទៅប្រទេសថៃ ក្នុងបរិមាណប្រមាណជាង ៣០,០០០តោន ​ក្នុងឆ្នាំ២០២៤ ថែមទៀតផង។

បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុ​ម​ហ៊ុន​ចំនួន ៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋាន។

ស៊ីម៉ងត៍ ជាតម្រូវការចាំបាច់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​លំនៅឋាននានា ដែលកំពុងមានតម្រូវការ​ខ្ពស់នៅ​កម្ពុជា ​នាពេល​បច្ចុ​ប្បន្ន ​ក្នុងរង្វង់ជាង១០លានតោន។ ដូច្នេះការវិនិយោគបង្កើតរោងចក្រ​ផលិតស៊ីម៉ងតិ៍ គឺដំណើរដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីបំពេញការប្រើ​ប្រាស់ ដែលកម្ពុជាតែងនាំចូលពីប្រទេសនានា៕