(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសណាក៏ដោយ បើសិនមានសង្រ្គាម គឺត្រូវបំផ្លាញខ្ទេចខ្ទីហើយ ការបាញ់ប្រហារតែមួយភ្លែត អគារ ស្ពាន ផ្លូវថ្នល់ គឺត្រូវបំផ្លិចបំផ្លាញភ្លាមៗ អត់ចាំយូរនោះទេ។ គ្រាប់កាំភ្លើងគ្មានស្គាល់នរណាទាំងអស់ ដូច្នេះ មនុញ្ញផលនៃពាក្យថា «សន្តិភាព» បានផ្តល់ឱកាសគ្រប់បែបយ៉ាងជូនមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា សម្រាប់អភិវឌ្ឍន៍លើគ្រប់វិស័យ។
សន្តិភាពពេញលេញជាង២៦ឆ្នាំមកនេះ កម្ពុជាបានរស់នៅដោយសុខសាន្តក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្រោមដំបូលនៃសុខសន្តិភាព មិនចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមសារឡើងវិញនោះទេ។ ពលរដ្ឋខ្មែររស់នៅក្រោមម្លប់សន្តិភាពបច្ចុប្បន្ន ប្តេជ្ញាមិនឱ្យសុបិន្តរបស់ក្រុមជ្រុលនិយម ដែលចង់បណ្តេញសន្តិភាពចេញពីកម្ពុជា អាចកើតឡើងបានឡើយ
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ពាក្យ សន្តិភាព» មួយម៉ាត់ យើងអាចស្តាប់ទៅធុញ យើងអាចស្តាប់លឺរាល់ថ្ងៃ យើងអាចដេញយល់សុបិន្ត។ ប៉ុន្តែ សម្តេចមិនធុញនឹងការនិយាយពីពាក្យសន្តិភាពនេះនោះទេ ពីព្រោះវាប្រសើរជាងកម្ពុជា បាត់ពាក្យថា សន្តិភាព មនុញ្ញផលនៃពាក្យសន្តិភាព មួយម៉ាត់នេះ គឺយើងត្រូវរម្លឹកវា ដើម្បីជាការចងចាំ ថែរក្សាសន្តិភាព ដែលបានហុចផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សមិទ្ធផលជាច្រើន ដែលកំពុងតែរីកស្គុះស្គាយនៅលើទឹកដីកម្ពុជា បន្ទាប់ពីបានបិទបញ្ចប់សង្គ្រាមស៉ីវិលជាង២៦ឆ្នាំមកនេះ។ ដូច្នេះ សូមជនរួមជាតិទាំងអស់រួមគ្នាទប់ស្កាត់រាល់ការប៉ុនប៉ងណាមួយដែលមានចេតនាបំបែកបំបាក់ បង្កភាពវឹកវរ និងបំផ្លិចបំផ្លាញកម្ពុជា ដូចអតីតកាល ហើយក៏គ្មានប្រជាជនណា ឬប្រទេសណាមួយសប្បាយចិត្តនៅពេលប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើ់ងសង្គ្រាម បញ្ហាអសន្តិសុខនោះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងូច្នេះថា៖ «ចង់ប្រទេសសេរី កម្មុយនីស្ត ប្រទេសង្គមនិយម បើមានសង្គ្រាមហើយគឺស្លាប់មនុស្សហើយ គ្រាប់កាំភ្លើងគ្មានស្គាល់របបនោះទេ គ្រាប់កាំភ្លើងគ្មានស្គាល់សាសនា បាញ់គឺគ្មានឱកាសសម្រាប់កសាងទេ ស្ពានរាប់សិបឆ្នាំទម្រាំធ្វើបាន នឹងត្រូវកម្ទេចអស់រលីងនេះគឺជាការពិត […] ច្បាំងគ្មានតែមួយពព្រិចភ្នែកអាចកាត់ផ្តាច់ជីវិតមនុស្សរាប់រយនាក់លើសមរភូមិ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដូច្នេះ ដើម្បីការពារជៀសវាងកុំឱ្យជីវិតមនុស្ស ហេដ្ឋារចនាសម្ព័ន្ធនានាដែលបានខិតខំកសាងយ៉ាងលំបាក និងប្រឹងប្រែងរស់ដោយត្រដបន្ទាប់ពីកម្ពុជា បានស្វែងរកសន្តិភាពពេញលេញនោះ គឺមានតែពាក្យមួយម៉ាត់ប៉ុណ្ណោះ សូមកុំឱ្យបាត់បង់ «សន្តិភាព» និងមានសង្គ្រាមឡើងវិញ។ ពីព្រោះ មាតុភូមិកម្ពុជា ប្រជាជនកម្ពុជា បានឆ្លងកាត់ភាពលំបាកវេទនា ភាពជូរចត់បែកបាក់សាច់ញាតិឆ្អែតឆ្អន់ហើយដោយសារតែភ្លើងសង្គ្រាម ដូចនេះ សូមរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍនកម្ពុជា ឱ្យរីកលូតលាស់ កំណើនសេដ្ឋកិច្ច និងធ្វើសកម្មភាពនានាផ្តល់ឱកាសជូនប្រជាពលរដ្ឋកម្ពុជា សម្រាប់កសាងសង្គមគ្រួសារឱ្យមានជីវភាពធូរធាជាបន្តបន្ទាប់។
កម្ពុជាធ្លាប់ឆ្លងកាត់អតីតសង្គ្រាមជិត៣ទសវត្សរ៍ ដែលដើមចមនៃការបង្កើតសង្គ្រាមនោះ គឺដោយសារតែសម្តីចាក់ដោតដ៏ពិសពុលរបស់អ្នកនយោបាយដែលនិយាយគ្មានការពិត អ្វីទាល់តែសោះឡើយ។ ក្រុមជ្រុលនិយមនាពេលនេះ បានប្រើប្រាស់វិធីនិយាយកុហកគ្មានការពិត ក្នុងបំណងចង់បង្កើតឈ្នួនផ្ទុះសង្គ្រាមសាជាថ្មី។ អ្វីដែលពួកក្រុមជ្រុលនិយម បានធ្វើ គឺមានតែការបង្កើតព័ត៌មានមិនពិត, ការស្វែងរកការកេងចំណេញពីភាពរសើបនៃប្រវត្តិសាស្ត្ររបស់ជាតិ ក្នុងបំណងបញ្ឆេះកំហឹងសាធារណៈ និងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា ពីព្រោះពួកគេគិតថា បើកម្ពុជាមានសង្គ្រាមជាមួយនឹងប្រទេសជិតខាង «សន្តិភាព» ដែលកម្ពុជារកបានយ៉ាងលំបាកក្រោមនយោបាយឈ្នះឈ្នះ ចាប់តាំងពីចុងឆ្នាំ១៩៩៨មកនោះ នឹងអាចត្រូវឃ្លាតចេញពីកម្ពុជាវិញ។
គួរឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា បើសិនជាមានករណីវិវាទណាមួយជាមួយប្រទេសជិតខាងគេនឹងមិនប្រើប្រាស់សង្គ្រាមក្នុងការដោះស្រាយបញ្ហាឡើយ និងសង្គ្រាមមិនមែនជាល្បែងកម្សាន្តឡើយ ពីព្រោះសង្គ្រាម គឺជាសោកនាដកម្មដែលសម្លាប់ទាហាន និងជនស៊ីវិល៖ «ការសម្រេចចិត្តកត្តានយោបាយ ធំណាស់ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងប្រកាន់ជំហរខិតខំដោះស្រាយដោយសន្តិវិធី, ការពារម៉ឺងម៉ាត់អធិបតេយ្យភាពរបស់យើង, ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវិធានការច្បាប់ និងវិធានការបច្ចេកទេសទាំងអស់ ដើម្បីចៀសផុតនូវការកាប់សម្លាប់គ្នាដោយមិនចាំបាច់ តែយើងនៅត្រៀមលក្ខណៈដើម្បីការពារទឹកដីរបស់យើង រួមទាំងមធ្យោបាយយោធាបើសិនជាមានការរំលោភបំពានបែបនោះ។ ដោយសារអញ្ចឹង សម្រេចចិត្តវាយគ្នាតែមួយភ្លែតទេដោយអ្នកនយោបាយ ប៉ុន្តែស្លាប់ទាហានយើង, ស្លាប់យុវជនក្មេងៗដែលមិនដឹងរឿង, អត់ដែលស្អប់គ្នា (ប៉ុន្តែ) លើកកាំភ្លើងទៅបាញ់គ្នា។ នេះគឺជាធាតុពិតនៃសង្គ្រាម»។
ពលរដ្ឋខ្មែរ បច្ចុប្បន្នបានយល់ដឹងច្បាស់លាស់អំពីគ្រោះថ្នាក់នៃសង្គ្រាម និងកាន់តែយល់ដឹងនូវតម្លៃសន្តិភាព ពីព្រោះប្រវត្តិសាស្ត្ររបស់ខ្មែរ បានប្រាប់យុវជនខ្មែរជំនាន់ក្រោយថា សង្គ្រាមដែលកម្ពុជាបានឆ្លងកាត់ជិត៣០ឆ្នាំនាអតីតកាលរួចមកនោះ បានកប់សាកសពបុព្វបុរសជាដូនតាខ្មែររបស់គេជាច្រើនលាននាក់រួចមកហើយ, កម្ពុជាក្នុងអតីតកាលសម័យសង្គ្រាម បានឆ្អែតឆ្អន់ពេកទៅហើយជាមួយនឹងស្នូរគ្រាប់កាំភ្លើង, ភាពទុរ្ភិក្ស និងការបែកបាក់ព្រាត់ប្រាស់គ្រួសារ។ យុវជនខ្មែរបច្ចុប្បន្ន នឹងមិនត្រូវបានគេបោកបញ្ឆោត ដោយសម្តីភូតកុហក «ប្តូរ» នោះឡើយ៕